ចាំមើលម្ចាស់សំណង់អត់ច្បាប់នៅស្រុកគងពិសី ឈ្មោះ ហង្ស ចាន់នាង មានអំណាច ឥទ្ធិពលខ្លាំងប៉ុណ្ណា បើក្រុមមន្ត្រីជំនាញនៃរដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចថា «ដាច់ខាតមិនអនុញ្ញាតឱ្យសាងសង់បន្តទៀតឡើយ»
(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអភិបាលរង ទិត វុទ្ធី បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសំណង់ដ៏ធំមហិមាមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយពិនិត្យឃើញថា សំណង់នេះ មានម្ចាស់ឈ្មោះ ហង្ស ចាន់នាង(ហង្ស ស្រីមាន) ដែលដំណើរការសាងសង់បាន៦០%ហើយ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ ដូច្នេះអាជ្ញាធរត្រូវបញ្ឈប់សកម្មភាពនៃការសាងសង់នេះទាំងស្រុង។
រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០២៣មក បានធ្វើលិខិតយ៉ាងហោចណាស់៤ដងមកហើយ សុំឲ្យម្ចាស់សំណង់បញ្ឈប់សកម្មភាពនៃការសាងសង់ដោយគ្មានច្បាប់ទម្លាប់នេះ។ ប៉ុន្តែម្ចាស់សំណង់គឺលោកស្រី ហង្ស ចាន់នាង មិនអើពើអនុវត្តតាមស្ថាប័នជំនាញនិងរដ្ឋបាលខេត្តកំពង់ស្ពឺនោះឡើយ។ ពោលគឺចាប់តាំងពីដំណើរការដំបូងរហូតដល់សំណង់ពេលនេះ សម្រេចបាន៦០% ហើយគឺខាងម្ចាស់សំណង់មិនព្រមអនុវត្តន៍ ឬធ្វើដឹង ធ្វើឮ ចំពោះការទទូចស្នើរបស់ស្ថាប័នជំនាញនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺនោះឡើយ។
ជាក់ស្ដែងលិខិតលើកទី៤ របស់មន្ទីររៀបចំដែនដីនគរូប នីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ ចុះហត្ថលេខា ដោយប្រធានមន្ទីរ លោក តាប់ ម៉ាឡៃ បានជម្រាបជូន លោកស្រី ហង្ស ស្រីមាន ម្ចាស់សំណង់គម្រោងផ្ទះល្វែងដែលមានទីតាំងស្ថិតនៅភូមិក្រាំទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកំហុសឆ្គងដូចខាងក្រោម៖ គ្មានលិខិតអនុញ្ញាតសាងសង់,គ្មានលិខិតអនុញ្ញាតបើកការដ្ឋាន, គ្មានអ្នកទទួលសាងសង់ដែលមានអាជ្ញាប័ណ្ណចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, គ្មានវិស្វករប្រចាំការដ្ឋាន,ប៉ះពាល់នឹងចំណីប្រឡាយ។អាស្រ័យហេតុនេះ សូមផ្អាកការដ្ឋានសំណង់ជាបន្ទាន់រហូតដល់បានបំពេញបែបបទតាមនីតិវិធីច្បាប់ស្តីពីសំណង់ បើពុំនោះទេ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ដូចគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានចេញលិខិតឱ្យម្ចាស់សំណង់បញ្ឈប់សកម្មភាពសាងសង់ដោយបំពានច្បាប់នោះដែរ។ ប៉ុន្តែគឺសង្កេតឃើញថា តាំងពីឆ្នាំ២០២៣មកនោះ ម្ចាស់សំណង់ខាងលើនេះ ហាក់ដូចជាមិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញនោះឡើយ។
លើកទី៥នេះទៀត មិនដឹងថា តើម្ចាស់ការដ្ឋានខាងលើ ព្រមអនុវត្តន៍តាមបទបញ្ជារបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែរឬយ៉ាងណានោះទេ ពីព្រោះគេសង្កេតឃើញថា មានចំណុចខុសឆ្គងជាច្រើន ដែលច្បាប់ហាមឃាត់ក្នុងការសាងសង់។ ប៉ុន្តែតាំងពីចាប់ផ្ដើមសាងសង់មក ម្ចាស់សំណង់ខាងលើនេះ មិនព្រមស្ដាប់តាមការណែនាំរបស់ស្ថាប័នជំនាញនោះឡើយ។
តាមរយៈក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺដែលចូលរួមដោយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្រេចថា ដាច់ខាតមិនអនុញ្ញាតឱ្យសាងសង់បន្តទៀតឡើយ។ មានចំណុចកំហុសឆ្គងជាច្រើនដែលក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញចំពោះការសាងសង់សំណង់ខាងលើនេះ ដូច្នេះបើទោះបីជាបានសាងសង់រួចរាល់រហូតដល់៦០% ហើយក៏ដោយ ក៏សំណង់នេះ ត្រូវប្រឈមនឹងការវ៉ៃកំទេចចោលដោយខានមិនបាន។
ប្រភពរាយការណ៍ថា ដំបូងឡើយម្ចាស់សំណង់ប្រាប់កម្មករថា គឺជាសំណង់គម្រោងផ្ទះល្វែង,ប៉ុន្តែក្រោយមកទៀតបានលេចឮថា គឺជាសំណង់សាលារៀនទៅវិញ។ សំណង់នេះមានកំហុសឆ្គង មិនត្រឹមតែបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសង់នៅលើប្រឡាយទឹកសាធារណៈរបស់រដ្ឋថែមទៀតផង។ ប៉ុន្តែបើតាមមើលទិដ្ឋភាពជាក់ស្ដែងម្ចាស់សំណង់មានផែនការទំនងជាចង់សង់សម្រាប់ជួលឲ្យជនបរទេសស្នាក់នៅ ដើម្បីធ្វើអាជីវកម្មដោយប្រការណាមួយ។
ពាក់ព័ន្ធសំណង់អត់ច្បាប់ខាងលើនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ម្ចាស់សំណង់បំពានច្បាប់យ៉ាងដូច្នេះ តើត្រូវបញ្ចប់ត្រឹមនេះឬយ៉ាងដូចម្ដេច?។ យ៉ាងណាក៏ដោយលោកស្រី ហង្ស ចាន់នាង ( ហង្ស ស្រីមាន) ជាម្ចាស់សំណង់មិនអាចសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះ។
គួររំលឹកថា លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីក៏ធ្លាប់បានប្រាប់ឲ្យ The Mirror News ដឹងដែរថា លោកអភិបាលរងទទួលបន្ទុកថា សំណង់នេះអត់ច្បាប់នោះទេ ហើយរដ្ឋបាលស្រុកបានឃាត់ចំនួន០៣លើកមកហើយ ម្ចាស់នោះតែងតែលួចលាក់ នឹងធ្វើបន្ត ទោះបីជាមានការឃាត់ច្រើនលើកក៏ដោយ ករណីនេះ រដ្ឋបាលស្រុកនឹងសុំគោលការណ៍ និងវិធានការបន្តពីរដ្ឋបាលខេត្ត និងជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត។
ទាក់ទិនករណីខាងលើនេះ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺក៏មិនបានចូលរួមជួយបំភ្លឺជុំវិញករណីខាងលើទេ ដោយលោកបានព្យាយាមគេចវេសពីអ្នកសារព័ត៌មាន ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូលទៅកាន់លោក លោកតែងតែនិយាយថា លោកជាប់ប្រជុំ និងបានចុចទូរស័ព្ទបិទតែម្ដង។ បន្ទាប់មកអ្នកសារព័ត៌មានក៏នៅតែព្យាយាមខលទូរស័ព្ទទៅកាន់លោកម្ដងទៀត មិនក្រោមក្បែរ១០ដងនោះទេ ដើម្បីឲ្យលោកជួយបំភ្លឺ ចៀសវាមានការភាន់ច្រឡំណាមួយ តែរាល់ពេលខលចូលគឺគ្មានមនុស្សលើកនោះឡើយ ថាតើអាកប្បកិរិយាបែបនេះ អាចឆ្លុះបញ្ចាំពីក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមលោកជាមន្ត្រីជាអ្នកបម្រើរាស្ត្រដែរឬយ៉ាងណា?
បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យ The Mirror News ដឹងថា ប្រឡាយខាងលើនេះគឺជាប្រឡាយ៦៥ នៅក្នុងឆ្នាំ២០០៧ ក្រសួងបានធ្វើការស្ដារប្រឡាយនេះ និងដោយសារស្ថានភាពប្រឡាយមានសភាពតូច រដ្ឋក៏បានទិញដីពីប្រជាពលរដ្ឋពង្រីកបន្ថែមរហូតមានទំហំ៣០ម៉ែត្រ ប៉ុន្តែលោកមិនដឹងថា អាគារខាងលើនោះ គេធ្វើហើយមុនឬយ៉ាងម៉េចនោះទេ ហើយប្លង់ចេញមុនឬម៉េចទេ ហើយក៏មិនដឹងថា បានកាត់កងគ្នាឬក៏អត់នោះដែរ។ ក្រៅពីអាគារអត់ច្បាប់ខាងលើ លោកក៏បានលើកឡើងពីរោងចក្រធ្វើរបងរំលោភយកដីមាត់ប្រឡាយ៦៥ផងដែរដោយលោកថា របងនឹងដឹងតែខុសច្បាប់ហើយ ចិនបានធ្វើរបងលើដីរដ្ឋ ហើយលោកក៏បានទាមទារឲ្យវ៉ៃចេញដែរ ប៉ុន្តែលោកអត់ទាន់ដឹងថាវ៉ៃពេលណា។ លោកបន្ថែមថា លោកបានបង្កើតគណៈកម្មការដើម្បីវាយរបងហ្នឹងថើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់កម្មករ។ លោកបានបន្តថា លោកដឹងថារោងចក្រធ្វើរបងរំលោភយកដីប្រឡាយមុនលោកឡើងមកធ្វើជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺទៅទៀត ហើយលោកក៏បានឲ្យវ៉ៃរបងចេញឲ្យអស់ដែរ ព្រោះលោកបានប្រជុំពីរបីដងហើយ ប៉ុន្តែមិនទាន់បានដំណើរការស្រួលបួល ព្រោះរោងចក្រគេកំពុងធ្វើការ បើវ៉ៃទៅ វាខុសខ្សែចង្វាក់ផលិតកម្ម តែលោកបានឲ្យគេគូសវាសប្លង់ហើយ តែក្រោយមកអត់លុយ ក៏ផ្អាកទៅ កាលកូវីដ១៩។ ប៉ុន្តែលោកអត់ពន្យាពេលទេ តែលោកអត់មានពេលវេលាណាមួយទៅអនុវត្តនៅកន្លែងនឹង។
ពាក់ព័ន្ធករណីសំណង់អត់ច្បាប់និងរបងអត់ច្បាប់ខាងលើនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា លោក «ទទួល»។
ជាមួយនោះ ពាក់ព័ន្ធករណីសំណង់អត់ច្បាប់ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងផងដែរថា «គណៈបញ្ជាការឯកភាពស្រុក និងខេត្តត្រូវតែចាត់ការហើយ ព្រោះខាងជំនាញបានផ្ដល់យោបល់ជូនលោកហើយ»៕