មានគេលួចសង់សំណង់រឹងមាំដ៏ធំរំលោភយកដីឆ្នេរសមុទ្រមួយកន្លែង នៅភូមិ-សង្កាត់-ក្រុង-ខេត្តកែប
(កែប)៖ សំណង់រឹងមាំដ៏ធំមួយកន្លែងបានលួចសាងសង់រំលោភយកដីមាត់ឆ្នេរសមុទ្រស្ថិតនៅចំណុចឆ្នេរកែប ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលគេនៅមិនទាន់ឃើញមានចំណាត់ការណាមួយពីអាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ក្រុង មន្ទីរជំនាញ និងខេត្តឲ្យមានប្រសិទ្ធិភាពលើម្ចាស់សំណង់ខុសច្បាប់មួយនេះទេ មកទល់ពេលនេះ គេនៅឃើញសំណង់ខុសច្បាប់មួយនេះ នៅតែមានសមត្ថភាពបញ្ចេញរាងយ៉ាងងងើលឥតខ្មាស់ដល់សាធារណៈជននៅឡើយ។
ការសាងសង់សំណង់ខាងលើនេះ គឺបានបំពានទៅនឹង សេចក្តីណែនាំ លេខ០១ សរណន គឺសារាចរណែនាំស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងសេចក្តីណែនាំនោះ ក៏បានកំណត់ច្បាស់លាស់នៅដីចំណីឆ្នេរសមុទ្រ ហើយបើមានសាងសង់រាល់សំណង់រឹងទាំងនោះ ត្រូវបម្រើឲ្យផលប្រយោជន៍សាធារណៈ។ ចុះការសាងសំណង់រឹងនៅចំណុចខាងលើវាបានបម្រើឲ្យបុគ្គល ឬផលប្រយោជន៍សាធារណៈ?។
ការសាងសង់សំណង់រឹងមាំរំលោភលើដីឆ្នេរនោះ មាន ទទឹងប្រមាណជា១០ម៉ែត្រ និងបណ្តោយចូលសមុទ្រប្រហែល៣០ម៉ែត្រ ដូចគ្នាៗដោយមានរៀបរបងជាមួយនិងលូជើងក្រោម ហើយម្ចាស់គេកំពុងសាងសង់ផ្ទះខាងក្នុងដោយប្រើមធ្យោបាយលាក់បាំងគឺបាំងរបងថ្មបិទជិត និងស័ង្កសីខាងក្រៅដើម្បីបិទបាំងការពិត នៃការសាងសង់បំពានច្បាប់របស់ពួកគេនៅខាងក្នុង។ ប៉ុន្តែយ៉ាងណាក៏ដល់គេនៅតែអាចមើលដោយភ្នែកទទេ ឃើញថា សំណង់នោះពិតជាបានសង់ចូលទៅផ្ទៃទឹកសមុទ្រយ៉ាងប្រាកដ។
ការចាក់ដី ឬសង់សំណង់រឹងរំលោភឆ្នេរនោះ មហាជនមើលឃើញថា មិនមានពលរដ្ឋក្រីក្រឯណាអាចធ្វើបាននោះទេ។ ទាល់តែអ្នកមានលុយ និងមានអំណាចទើបធ្វើបាន។ គួរឲ្យអនិច្ចាខេត្តកែប តូចតែមិនតាន់សោះឲ្យតែមានចន្លោះគឺដឹងតែអ្នកធំ និងអ្នកមានលុយលេបទឹកមាត់ចង់ត្របាក់យកតែម្តង។ អ្នកដែលរំលោភបំពាននោះ ភាគច្រើនជាអ្នកមានលុយមានអំណាច និងជាអ្នករៀនបានចេះដឹងជ្រៅជ្រះពីច្បាប់ប្រទេសថែមទៀតផង សមនិងខ្មែរមានពាក្យមួយបានពោលថា « រៀនបំបង់បាយ រៀនបំបង់សន្លឹកសៀវភៅ »៕