សិស្សានុសិស្សថ្នាក់ទី៧និងទី៨ ជាង៧០០០នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក
(ភ្នំពេញ)៖ សិស្សសាលាប៊ែលធីអន្តរជាតិថ្នាក់ទី៧ ទី៨ ចំនួនជាង៧០០០នាក់ទាំង២៨សាខា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤បានទទួលបានចំណេះដឹងពីកម្មវិធីបង្កេីនចំណេះដឹងទូទៅស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កេីនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក ) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក»។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាបានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាងកុំឱ្យប្រើនិងញៀនគ្រឿងញៀនចៀសវាងដាច់ខាតមិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម ជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ មានគុណធម៌ និងសាមគ្គីភាព។
ក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណ:នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំកោតសរសើរនិងអរគុណពីលោកសន្តិបបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់លោកបណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយកប៊ែលធីគ្រុបនិងសហការីទាំងអស់ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែមដល់សិស្សជាង៧០០០នាក់មកទទួលការយល់ដឹងពីគ្រឿងញៀនផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក ដែលនាំប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
លោកឧត្តមសេនីយ៍ឯកបានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយទាំងអស់គ្នា៕