សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានខ្ចាប់ខ្ជួនជានិច្ច

ភ្នំពេញ៖ «ភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ជាមោទនភាពមួយសម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួមពីមេដឹកនាំបណ្ដាប្រទេសមហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីរាំងស្ទះឡើយ»។ នេះជាថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីសំណេះសំណាល​ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបាន «អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។ ជាមួយគ្នានោះ ក៏ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន»

សម្ដេចនាយករដ្ឋមន្ត្រីក៏បាន «អំពាវនាវឲ្យមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានខ្ចាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា»

ជាមួយនោះ សម្ដេចបានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺសម្តេចមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះហើយ ដូច្នេះសម្តេចតេជោ សូមឱ្យរៀបចំព្រឹត្តិការណ៍នេះ អោយបានឲ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង