អ្នកមានលុយ មានអំណាចកំពុងចាក់ដីលុបព្រែកធំសង់ផ្ទះ និងយកធ្វើជាកម្មសិទ្ធិផ្ទុយពីអនុក្រឹត្យលេខ៩៧ ក្នុងសង្កាត់ក្បាលកោះ ខណៈចៅហ្វាយខណ្ឌច្បារអំពៅលោក ចេង មុន្នីរ៉ា មិនដែលចុះទៅពិនិត្យនិងបង្ក្រាបឲ្យបានទាន់ពេល!

(ភ្នំពេញ)៖ ទិដ្ឋភាពដែលបង្ហាញនៅចំណុចលោកតាផាវ-ព្រែកធំ ស្ថិតនៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគឺជាការរំលោភបំពានថ្មីមួយទៀត ដែលគេមិនរំពឹងថា អាចនឹងថយក្រោយនោះឡើយពីព្រោះអ្វីៗដូចពាក្យចាស់ពោលថា «អង្ករក្លាយជាបាយ» អស់ទៅហើយ គួបផ្សំនិងអ្វីដែលអាជ្ញាធរខណ្ឌច្បារអំពៅក្រោមការដឹកនាំគ្រប់គ្រងរបស់លោ កចេងមុន្នីរ៉ា ស្ងាត់ឈឹង មិនដែលចុះទៅពិនិត្យនិងបង្ក្រាបឲ្យបានទាន់ពេល បើមិនដូច្នេះទេ នៅថ្ងៃខាងមុខព្រែក១នេះនឹងត្រូវរលាយបាត់រូបពីផែនទី។

ទិដ្ឋភាពបង្ហាញនេះគឺជាព្រែកដ៏ធំ ភ្ជាប់ពីទន្លេបាសាក់ចូលទៅតំបន់បឹងផ្នែកខាងក្រោយ នៃតំបន់ព្រែកប្រាក្នុងខណ្ឌច្បារអំពៅ។ ព្រែកធំមួយដែលមានទទឹងមិនតិចជាង៥០ម៉ែត្រ ត្រូវបានអ្នកមានលុយ,មានអំណាចចាក់ដីលុបជាបន្តបន្ទាប់ និងកំពុងចាក់បេតុងរឹងមាំហើយកន្លែងខ្លះក៏កំពុងសង់លំនៅឋានរួចរាល់ហើយដែរ។ នៅក្នុងចម្ងាយប្រហែលជាង១០០ម៉ែត្រ នៃបណ្ដោយព្រែកសកម្មភាពចាក់លុប និងដំណើរការសាងសង់កំពុងធ្វើឡើងជាធម្មតាហាក់ដូចជាកំពុងសាងសង់ផ្ទះនៅលើដីស្របច្បាប់ដូច្នោះ។ កន្លែងខ្លះគេឃើញទិដ្ឋភាពចាក់ដីចូលក្នុងព្រែកមិនតិចជាង៣០ម៉ែត្រនោះឡើយ។

អ្នកភូមិចាស់នៅទីនេះ មិនហ៊ានចំពោះការរំលោភបំពាននេះទេ ប៉ុន្តែបុគ្គលដែលទៅរស់នៅថ្មីៗ ទំនងជាអ្នកមានលុយនិងមានអំណាចផងជាអ្នកដែលបានធ្វើសកម្មភាពរំលោភបំពានចាក់ដីរំលោភយកព្រែកមួយនេះ។ ទីបំផុតក្រុមអ្នកចំណូលថ្មីបានសាំងយោគព្រែកមួយនេះឲ្យទៅជាដីដែលមានតម្លៃ ហើយអាជ្ញាធរសង្កាត់-ខណ្ឌត្រូវបានប្រជាពលរដ្ឋនៅទីនោះមើលឃើញថា ជាអ្នកនៅក្រោយខ្នងក្នុងផលប្រយោជន៍ណាមួយ។ ប្រជាពលរដ្ឋរស់នៅទីនោះយូរឆ្នាំមិនបានផលប្រយោជន៍ពីការលុបដីព្រែកនេះនោះទេ ផ្ទុយទៅវិញជនចំណូលថ្មីទំនងជាមានអំណាចនិងមានទឹកលុយជាអ្នកលុបព្រែកនេះ។

ប្រជាពលរដ្ឋនិយាយថា អាជ្ញាធរមិនគួរធ្វើមិនដឹងមិនឮចំពោះបញ្ហានេះទេ ពីព្រោះក្រៅពីព្រែកដែលជាសម្បត្តិធម្មជាតិយូររយឆ្នាំមកហើយនោះ ព្រែកមួយចំនួនចេញពីញើសឈាមរបស់ដូនតាខ្មែរ ដែលខំជីកដើម្បីឲ្យទឹកហូរចេញពីទន្លេបាសាក់ចូលព្រែកនាំយកល្បាប់ទៅជាមួយ។ ក្រៅពីភាពស្ងៀមស្ងាត់អាជ្ញាធរសង្កាត់-ខណ្ឌស្ថាប័នជំនាញផ្សេងទៀត រួមមានដូចជាមន្ទីរធនធានទឹករាជធានីភ្នំពេញ ក៏ធ្វើជាមិនដឹងមិនឮក្នុងរឿងនេះដែរ។ ប្រជាពលរដ្ឋនិយាយថា ជួនកាលវាជារឿងធ្វើមិនដឹង មិនឮមែន ពីព្រោះមន្ត្រីជំនាញមិនដែលទៅដល់ទីនោះ ប៉ុន្តែមួយចំណែកទៀត ភាពមិនដឹងមិនឮ ព្រោះតែផលប្រយោជន៍។

ករណីនេះប្រជាពលរដ្ឋស្នើឲ្យលោកអភិបាលរាជធានីភ្នំពេញជាពិសេសស្ថាប័នជំនាញ ពិនិត្យមើលករណីនៃដំណើរឆ្ពោះទៅការបាត់រូបរាងព្រែកដ៏ធំមួយនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនោះផង ពីព្រោះថា ការស្ងាត់ស្ងៀមរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ត្រូវបានប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថា ទំនងជាមានបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយពួកអ្នកចាក់ដីលុបព្រែកនោះហើយ។

ប្រភពបានបន្តថា ព្រែកធំនេះ ពីមុនសម្បូរត្រី អណ្ដើក និងសត្វក្នុងទឹកច្រើនប្រភេទទៀត ហើយប្រជាជនប្រើប្រាស់ទឹកព្រែកនេះដើម្បីជីវភាពរស់នៅប្រចាំថ្ងៃទៀតផង ប៉ុន្តែសព្វថ្ងៃនេះ ទឹកក្នុងព្រែកធំឡើងខ្មៅ ពេលខ្លះស្អុយ ហើយកាន់តែរាក់ទៅៗដោយគ្មានការគិតគូរពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង