ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន៖ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តកំពង់ធំនឹងទទួលបានការគាំទ្រលើ២ ចំណុចសំខាន់ពី «អ.ដ.ក»

(កំពង់ធំ)៖ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណងនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ធំ នាពេលនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាធានាបាននូវសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ។

ឯកឧត្តមបណ្ឌិតបានបន្តថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តកំពង់ធំ នឹងទទួលបានការគាំទ្រលើ២ ចំណុចសំខាន់ពី «អ.ដ.ក» គឺ៖ *ទី១-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត «អ.ដ.ក»  នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ «អ.ដ.ក» ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ  ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និង*ទី២- «អ.ដ.ក» នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) និងរដ្ឋបាលខេត្តកំពង់ធំ  ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ជាមួយនោះ ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងអំណគុណឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្តដើម្បីជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។ឯកឧត្ដមបន្ថែមថា បណ្តឹងភាគច្រើនដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលរដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹង សរុបចំនួន ៣៣ករណី/សំណុំរឿង ដែលកើតមានឡើងចំនួន ០៥ស្រុក/០៩ក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ដើម្បីជំរុញពន្លឿនការដោះស្រាយករណីវិវាទដីធ្លី រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីខេត្តកំពង់ធំផងដែរ។

ឯកឧត្ដមបន្តថា តាមរយៈអនុស្សរណៈនេះនឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងព្រោះថាសំណុំរឿងដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់, រដ្ឋបាលខេត្តអាចយកសំណុំរឿងនោះមកឱ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក។ លើសពីនេះទៀត រដ្ឋបាលខេត្តក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយធ្វើការពិនិត្យ និងដោះស្រាយ។ ជាពិសេស កំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌ អ.ដ.ក នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្រមព្រៀងបញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ៕

អត្ថបទដែលជាប់ទាក់ទង