Breaking News: មន្ត្រីយោធាឈ្មោះ ម៉ោង សំបូរ ប្ដឹងឲ្យប៉ូលិសក្រុងតាខ្មៅចុះចាប់ឃាត់ខ្លួនមនុស្ស៣នាក់បញ្ជូនទៅតុលាការដាក់គុកពាក់ព័ន្ធអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត

(កណ្ដាល)៖ មន្ត្រីយោធាឈ្មោះ ម៉ោង សំបូរ បានដាក់ពាក្យប្ដឹងទៅកាន់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីឲ្យចុះទៅចាប់ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធ «អំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី កាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នៅចំណុចជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។

ប្រភពបានបន្តឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ម៉ោង សំបូរ  ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ យោធា។

ដោយឡែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន៣នាក់៖១-ឈ្មោះ ឯម សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មុខរបរជាកសិករ។ ២-ឈ្មោះ ហេង លាង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាកសិករ។ និង៣-ឈ្មោះ យ៉ាង ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃចាស់ ឃុំវិហាសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាបើកបរ។រួមជាវត្ថុតាងចាប់យកបានមាន៖រថយន្ត Land Cruiser ពណ៌ ស្លែរ ពាក់ផ្លាកលេខ:ភ្នំពេញ 2B-8739 និងទូរស័ព្ទដៃ១គ្រឿង។

បើតាមប្រភពបានឲ្យដឹងបន្ថែមថា កន្លងមកក្នុងអំឡុងផ្តើមឆ្នាំ២០២៣ ឈ្មោះ ឯម សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងបក្ខពួក ធ្លាប់មកបំពានលើដីកម្មសិទ្ធរបស់បងប្រុសជនរងគ្រោះឈ្មោះ ឈន សុភាព ម្តងរួចមកហើយ ដីនោះមានទីតាំងនៅតាមបណ្តោយផ្លូវក្រវ៉ាតក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនសង្ស័យបានយកបង្គោលឈើមកបោះនៅក្នុងដីធ្លីនោះ ឃើញដូចនោះឈ្មោះ ឈន សុភាព បានឃាត់ជនសង្ស័យទាំងនោះ កុំឲ្យបោះបង្គោលនៅក្នុងដីនោះ រួចបើចង់ដោះស្រាយដីធ្លីនោះ សូមយកឯកសារស្រប់ច្បាប់ទៅដោះស្រាយគ្នានៅភូមិឃុំ លឺដូចនោះជនសង្ស័យនិងបក្ខពួកបាននាំគ្នារំសាយវិលត្រឡប់ទៅផ្ទះរៀងៗខ្លូនបាត់ដំណឹងឈឹង។  រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១៖០០នាទី ដោយមានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរដីរបស់ឈ្មោះ ឈន សុភាព បានតេទូរស័ព្ទមកប្រាប់ជនរងគ្រោះថា មានមនុស្ស១ក្រុម បានយកបង្គោលឈើមកបោះក្នុងដីកម្មសិទ្ធរបស់បងគាត់ឈ្មោះ ឈន សុភាព ដែលមានទំហំ២ហិចតានោះ លឺដូចនោះ ជនរងគ្រោះបានមកមើលក៏បានឃើញឈ្មោះ ឯម សំអឿន និងបក្ខពួកយកបង្គោលឈើ ទៅបោះនៅលើដីធ្លីនោះប្រាកដមែន ឃើញដូចនោះ ជនរងគ្រោះក៏បានជូនដំណឹងទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគម៍យកឈ្មោះ ឯម សំអឿន និងបក្ខពួកយកមកសួរនាំនៅអធិការនិងចាត់ការតាមនិតិវិធី។

ប្រភពពីមន្ត្រីនគរបាលក្រុងតាខ្មៅម្នាក់បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគាត់និងបក្ខពួកពិតជាបាននាំគ្នាយកបង្គោលឈើទៅបោះក្នុងដីធ្លីរបស់ឈ្មោះ ឈន សុភាព ដោយគិតថា ដីនោះជាដីធ្លីរបស់ម្តាយរបស់ខ្លួនប្រាកដមែន។

ប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ពិតជាបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលក្រុងតាខ្មៅប្រាកដ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅលើអស់ហើយ។

ពាក់ព័ន្ធការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ លោក គួច ចំរើន អភិបាលខេត្តកណ្ដាលបានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃនេះដែរថា «ពេលទំនេរ ការងារមិនខិតខំរកធ្វើទេ ដើរបោះបង្គោលចាប់ដីគេ យកមកវាស់កំពស់ អោយស្គាល់ម្តង។ គោរពច្បាប់ជាពលរដ្ឋល្អ»៕

អត្ថបទដែលជាប់ទាក់ទង