ក្បាលដីចំនួន១ភូមិក្នុងស្រុកកៀនស្វាយ ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ

កណ្តាល៖ ក្បាលដីចំនួន១ភូមិ គឺភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានក្បាលដីសរុប១,១៦៧ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតក្នុងវត្តពុទ្ធអណ្តែតរង្សី។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអំពាវនាវដល់បងប្អូនដែលមានដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត​ ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីតំបន់នេះមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា ។

លោកបន្តថា៖ ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យមាន​លក្ខណៈ​ជា​ប្រព័ន្ធ នាពេលនេះគឺមាន​រយៈពេល ១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់​ថ្ងៃទី ៨ខែឧសភា ឆ្នាំ​២០២៣ ដោយគិតបញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។​លោកបន្តថា ក្នុងពេល១៥ថ្ងៃនេះ​ជា​ការកំណត់​ចុងក្រោយ​សម្រាប់​អ្នកកាន់កាប់​ដី​ និង​អង្គភាព​ពាក់ព័ន្ធ​មក​ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា​ទិន្នន័យ​ក្បាលដី​របស់បងប្អូន ពិតជា​ត្រឹមត្រូវដែររឺទេប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ​ ភេទ ទំហំ​ដី​ និងប្រភេទ​ទ្រព្យ​ជាដើម​នោះ​ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ​ក្នុងកំឡុងពេល​១៥​នេះ ក្រោយពី​ការបិទ​ផ្សាយ​នេះ​ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​មិនអាច​តវ៉ា​បាន​ទៀត​ឡើយ​។ អាស្រ័យហេតុនេះ​ក្រោយពេល​១៥ ថ្ងៃ​នៃ​ការបិទ​ផ្សាយ​ត្រូវបាន​បញ្ចប់ ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ​សូម​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​លោក​មេភូមិ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។

នឱកាសនោះ លោក លីវ វណ្ណថេង អភិបាលរងស្រុកកៀនស្វាយ បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានរលូនជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។

លោកអភិបាលរងស្រុក ក៏បានណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដោយបង្ក្រាបអោយបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ ក្មេងទំនើងជាដើម ដើម្បីផ្តល់សុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង