ក្រុមប៉ូលិសក្រុងភ្នំពេញចាប់ខ្លួនបណ្ឌិតចាងហ្វាងឈ្មោះ ដួង អក្ខរា ចាងហ្វាងអង្គភាព S.A TVHD ONLINE និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ និងចាងហ្វាងម្នាក់ទៀតក្រោយផ្សាយប្រឌិតរឿងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ

(ភ្នំពេញ)៖ បុគ្គលអ្នកសារព័ត៌មានចំនួន២នាក់៖ ទី១៖ ឈ្មោះ ដួង អក្ខរា ជាបណ្ឌិត ជាចាងហ្វាងអង្គភាព S.A TVHD ONLINE និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ និងទី២៖ ឈ្មោះ ឡាយ សុជាតិ ចាងហ្វាងការផ្សាយគេហទំព័រ Cambodiastardailynew.com ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញភ្លាមៗ ក្រោយៈីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូនៃការប្រើប្រាស់អំពើហិង្សាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះឲ្យអ្នកសារព័ត៌មានដឹងថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា «ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ»។

លោកស្នងការបានបញ្ជាក់ទៀតថា ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍របស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឲ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួតជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់ខ្លួន គេដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ទៀតប្រដាប់ដោយដំបងបានវាយដំទៅលើជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ គឺមិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយក៏មិនមានប្រភពណាដែលអាចបញ្ជាក់ច្បាស់លាស់ថា នៅប្រទេសណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង