ចិនទយគូទឡានចាក់សំរាមចូលស្រះមួយកន្លែងនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា គ្មានខ្វល់ពីអាជ្ញាធរខណ្ឌច្បារអំពៅដែលដឹកនាំដោយលោក ចេង មុន្នីរ៉ា នោះឡើយ!

(ភ្នំពេញ)៖ ស្រះ១កន្លែងឋិតនៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្លាយជាទីលានចាក់ សំរាមរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនចិនមួយដែលនៅក្បែរនោះ។ រីឯក្រុមហ៊ុនប្រមូលសំរាមក៏ហាក់ ដូចជាមិនបានខ្វល់ខ្វាយចំពោះបញ្ហានេះដែរ។ ជាងនេះទៅទៀតអាជ្ញាធរខណ្ឌច្បារអំពៅដឹកនាំគ្រប់គ្រងដោយលោក ចេង មុន្នីរ៉ា ក៏បិទភ្នែកឱ្យប្រជាពលរដ្ឋនិងក្រុមហ៊ុនចិនមួយចំនួនដឹកសំរាមយកទៅចាក់លុបស្រះនោះដែរ។

អ្វីដែលអាជ្ញាធរខណ្ឌច្បារអំពៅ បាននិងកំពុងធ្វើនោះគឺជាយុទ្ធសាស្ត្រមួយដែលអាចបាញ់បានសត្វ២ក្នុងពេលព្រមគ្នា។ ទី១៖ ក្រុមហ៊ុនប្រមូលសំរាមមិនចាំបាច់ចូលទៅប្រមូលសម្រាមដល់ទីនោះទៀតទេនិងទី២៖ ស្រះនោះត្រូវប្រឈមនឹងការគោករាក់ នាពេលអនាគតឆាប់ៗដែលអាជ្ញាធរខណ្ឌអាចនឹងគូសវាសឬដាក់គោលដៅដើម្បីលក់ដីស្រះនោះបានយ៉ាងស្រួល។ នេះគឺជាអ្វីដែលប្រជាពលរដ្ឋនៅក្នុងតំបន់ភូមិអូរអណ្ដូងបានមើលឃើញអំពីការដែលមិនយកចិត្តទុកដាក់ករណីសំរាម និងបុរសជនជាតិចិនម្នាក់បានបើកឡានដឹកសំរាម រួចទយគូទឡានដើម្បីយកសំរាមចាក់ចោលនៅក្នុងមូលដ្ឋានរបស់ខ្លួន។

គេតែងតែឃើញរថយន្តទំនើបរបស់ក្រុមហ៊ុនចិនមួយទយចាក់សំរាមចូលនៅក្នុងស្រះនោះស្ទើររៀងរាល់ថ្ងៃ។ ដូច្នេះមានន័យថាក្រុមហ៊ុនចិនមិនបានយកចិត្តទុកដាក់ឬចាត់ទុកស្រះ១កន្លែង ជាទីលានចាក់សំរាមរបស់ខ្លួនទៅវិញ។ ក្រុមហ៊ុនចិននោះមិនមានលុយដើម្បីបង់សេវាថ្លៃសម្រាមឬយ៉ាងដូចម្ដេច? ឬមួយជាយុទ្ធសាស្ត្រដើម្បីធ្វើឲ្យស្រះសាធារណៈ១កន្លែងត្រូវគោករាក់ ហើយយកធ្វើជាកម្មសិទ្ធិ? តើអាជ្ញាធរខណ្ឌច្បារអំពៅអាចមានផែន ការយ៉ាងណាចំពោះស្រះ ទឹក១កន្លែងនេះដែលកំពុងប្រឈមនឹងការបាត់រូបរាង?

អ្នកភូមិនៅទីនោះនិយាយថា ពួកគាត់តែងតែឃើញរថយន្តក្រុមហ៊ុនចិនមួយដែលនៅក្បែរនោះ ដឹកសំរាមមកចោលជារៀងរាល់ថ្ងៃ។ ពួកគាត់មិនដែលឃើញអាជ្ញាធរសង្កាត់ ឬខណ្ឌចុះមកណែនាំឬហាមឃាត់មិនឲ្យចាក់សំរាមនោះទេ។ មិនតែប៉ុណ្ណោះអាជ្ញាធរហាក់ដូចជាបើកដៃឲ្យប្រជាពលរដ្ឋ បើកយុទ្ធនាការចាក់សំរាមដើម្បីធ្វើឲ្យស្រះនោះគោករាក់ថែមទៀតផង។ បើតាមប្រជាពលរដ្ឋកត់សម្គាល់ឃើញថា អាជ្ញាធរសង្កាត់-ខណ្ឌ មិនខ្វល់អំពីបញ្ហាសំរាមនេះឡើយបើទោះបីជាមានការចុះទៅប្រមូលសំរាមរាល់ថ្ងៃក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង