អភិបាលខេត្តកណ្ដាលហាមសិស្សានុសិស្សទាំងអស់លួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា និងមិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសារ
(កណ្តាល)៖ លោកអភិបាលខេត្តកណ្ដាលហាមសិស្សានុសិស្សទាំងអស់លួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា និងមិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសារ ពោលគឺត្រូវពឹងលើសមត្ថភាពផ្ទាល់ខ្លួនទើបការសិក្សាទទួលបានជោគជ័យទៅថ្ងៃអនាគត។
ការហាមរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ក្នុងការអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំមូលដ្ឋានជំនាន់ទី៣ នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ព្រមទាំងបានប្រជុំត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីកាត់ខ្សែបូសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៍ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាពេលខាងមុខនេះ។
លោកអភិបាលខេត្តក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ត្រូវព្យាយាមធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសាដែលបានដាក់ចេញ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជាផ្ទៃក្នុង ក្នុងការប្រឡង។ លោកក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នាក្នុងការប្រឡងឆ្នាំនេះផងដែរ។
យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ ប៊ូ គ្រី ចំនួនសិស្សដែលដាក់ពាក្យចូលមកប្រលងសិក្សាថ្នាក់ឆ្នាំមូលដ្ឋានជំនាន់ទី៣ ឆ្នាំសិក្សា២០២៤-២០២៥ មានចំនួន៧៥២នាក់ ប្រលងចូលរៀនក្នុងមហាវិទ្យាល័យចំនួន៦ រួមមាន៖ ១-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ២-មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៣-មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម ៤-មហាវិទ្យាល័យអភិវឌ្ឍន៍ និងទេសចរណ៍ ៥-មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម និង៦-មហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រងធុរកិច្ច។
បន្ទាប់ពីបានបើកវិញ្ញាសារប្រឡងរួចមក លោក គួច ចំរើន ព្រមទាំងអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ច បានបន្តប្រជុំពិភាក្សា និងត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីកាត់ខ្សែបូសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ដោយលោកអភិបាលខេត្តបានធ្វើការរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំកិច្ចការពារថែរក្សាសន្តិសុខសម្រាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរទាំងខាងក្នុង និងខាងក្រៅពិធីទៅតាមផែននីមួយៗរបស់ខ្លួន ជាពិសេសត្រូវសម្អាត និងតុបតែងក្នុងបរិវេណរៀបចំពិធីឲ្យមានរបៀបរៀបរយ និងមានសោភ័ណភាពផងដែរ៕