លោកស្នងការរង ឡាក់ ម៉េងធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសហព្រំប្រទល់ ប្រចាំឆ្នាំ២០២៤ ដើម្បីពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ

(កំពង់ចាម)៖ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសហព្រំប្រទល់រវាងខេត្តនិងខេត្ត ស្រុកនិងស្រុក ឃុំនិងឃុំ ជាប់ព្រំប្រទល់ ប្រចាំឆ្នាំ២០២៤ ដើម្បីពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ ពិសេសបទល្មើស លួច ឆក់ ប្លន់ ការងារយុទ្ឋនាការបង្ការ បង្ក្រាប និងទប់ស្កាត់ សកម្មភាពក្មេងទំនើង និងការគ្រប់គ្រងផ្លាស់ប្ដូរព័ត៌មានមុខសញ្ញាគ្រប់ប្រភេទជាប់ព្រំប្រទល់។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក អូត ឈាងលី អភិបាលស្រុកបាធាយ លោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ-នាយរងការិយាល័យ ចំណុះផែនព្រហ្មទណ្ឌ តំណាងតំបន់សឹករងស្រុក កងរាជអាវុធហត្ថស្រុក លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ស្រុកបាធាយ កងមាស និងស្រុកស្រីសន្ធរ។

គួររំលឹកថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត បានគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបករណីក្មេងទំនើងបានជាបន្តបន្ទាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្ដាល។ យ៉ាងណាមិញ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលទទួលផែនការងារព្រហ្មទណ្ឌនិងជាអ្នកនាំពាក្យបានឲ្យ The Mirror News ដឹងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗថា «នៅក្នុងរយៈពេលពេញ១ឆ្នាំនេះ  លទ្ធផលបង្ក្រាបក្មេងទំនើង ប្រចាំឆ្នាំ២០២៤គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤បានលទ្ធផលដូចតទៅ៖ *បង្ក្រាបក្មេងទំនើង៧០ករណី ឃាត់ខ្លួន៣៣១នាក់ ស្រី៣៦នាក់ (អនីតិជន២១០នាក់)។ *កសាងសំណុំរឿងបញ្ជូនទៅតុលាការ៣៨ករណី និងបានឃាត់ខ្លួន១៤៣នាក់។*បទល្មើសមជ្ឈិម៣៧ករណី ឃាត់ខ្លួន១៣៨នាក់។ *បទល្មើសឧក្រិដ្ឋ១ករណី ឃាត់ខ្លួន ៤នាក់!។ *ធ្វើកិច្ចសន្យាអប់រំ៣២ករណី មនុស្សចំនួន១៨៨នាក់»។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលតែងតែយកចិត្តទុកដាក់ជានិច្ចជាកាលក្នុងការបង្ក្រាបករណីក្មេងទំនើងនៅក្នុងមូលដ្ឋាន។ យ៉ាងណាក៏ដោយកម្លាំងនគរបាលមានចំណុចខ្វះខាតមួយចំនួនផងដែរ។ពីព្រោះពួកគេធ្វើសកម្មភាពដោយឆក់ឱកាស។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្តេជ្ញាថា នឹងបង្ក្រាបករណីក្មេងទំនើងនេះ មិនឲ្យពួកគេធ្វើសកម្មភាពស្រេចតែនឹងចិត្តនោះទេ ពោលគឺកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ចំណុះស្នងការដ្ឋាននគរបាលខេត្តចាប់ពីប៉ុស្តិ៍,ស្រុកនិងខេត្ត នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្ថាលសូមអំពាវនាវដល់យុវជន យុវនារី និងសាធារណៈជនទាំងអស់សូមចូលរួមថែរក្សាសណ្ដាប់ធ្នាប់សង្គមយើងឲ្យបានល្អប្រសើរដើម្បីសុខសុវត្ថិភាព និងសន្តិភាពល្អនៅក្នុងសហគមន៍យើង៕

អត្ថបទដែលជាប់ទាក់ទង