បាក់ស្ពានបេឡេនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង បង្កឡើងដោយម្ចាស់រថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័រទម្ងន់រាប់តោនមិនប្រមាណបើកបរពីលើ ផ្អើលដល់ក្រុមមន្ត្រីក្រសួងសាធារណការចុះទៅពិនិត្យ!

(កណ្ដាល)៖ ស្ពានដែកបេឡេ ស្ថិតនៅក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាងត្រូវបានបាក់ស្រុតខូចខាតស្ទើរតែទាំងស្រុងកាលពីលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បង្កឡើងដោយម្ចាស់រថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័រមានទម្ងន់រាប់តោនមិនប្រមាណបើកបរពីលើ។ នេះបើតាមប្រភពដែលអង្គភាព The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ។

ការបាក់ស្រុតស្ពានបេឡេខាងលើនេះ លោក ប៉ែត សារ៉ាត់ អនុមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល រួមជាមួយក្រុមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្អាងដើម្បីចុះពិនិត្យមើលពីស្ថានភាពកំហូចជាក់ស្តែងរបស់ស្ពានបេឡេខាងលើនេះផងដែរ។

បើតាមប្រភពពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកថា កំហូចដែលក្រុមចម្រុះបានរកឃើញពីស្ពានបេឡេ (Compact100 ) ទទឹង៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រដែលរងការខូចខាត៖ *សរសរកណ្តាលទ្រស្ពាន ខូច២ដើមទាំងស្រុង *កម្រាលស្ពានខូច៦ផ្ទាំង *ធ្នឹមបណ្ដោយ (ប៉ាណូ) ខូច១១ផ្ទាំង *ធ្នឹមទទឹង កោង ៨ដើម និងខូចខាតសម្ភារៈភ្ជាប់ ម៉ាណូ + ប៊ូឡុង។

លោក ផន រឹម បានបន្តថា ចំពោះដំណោះស្រាយជាបណ្ដោះអាសន្ន ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប្រជុំ ភូមិព្រែកក្រាញ់ និងភូមិព្រែកថ្មី អាចធ្វើចរាចរចេញ-ចូលតាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១។ ក្រុមការងារបច្ចេកទេសបន្តពិនិត្យលទ្ធភាពស្តារឡើងវិញស្ពានដែលបាក់ខូចខាតនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ជាប្រក្រតីឡើងវិញ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា ចំពោះរថយន្តសណ្តោងស្លាកលេខ (ភ្នំពេញ 3A-3138) និងអិចស្កាវាទ័រម៉ាក CAT(320C) បានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី។

គួរជម្រាបជូនថា ករណីបាក់ស្រុតស្ពានបេឡេដែលម្ចាស់រថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័របើកបរពីលើនេះ មិនបណ្ដាលឲ្យមានទទួលរង់គ្រោះថ្នាក់ធ្ងន់ធ្ងរឬបាត់បង់អាយុជីវិតនោះទេ ហើយស្ពានបេឡេនេះក៏មានសភាពចាស់ទ្រុឌទ្រោមជាយូរខែមកហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង