លោកស្រី ជី ថាវី បញ្ជាក់ថា សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ដើម្បីធានាបាននូវការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌

(កណ្ដាល)៖ លោកស្រី ជី ថាវី បានបញ្ជាក់ថា សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ដើម្បីធានាបាននូវការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌តាមរយៈការអនុវត្តកម្មវិធីអាទិភាពចំនួន៤កម្មវិធី៖ *កម្មវិធីទី១ . ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍។ *កម្មវិធីទី២. ការកែលម្អ លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ។ *កម្មវិធីទី៣. ការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង*កម្មវិធីទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ និងសកម្មភាពសំខាន់ៗមួយចំនួនទៀតបានជំរុញ ឱ្យការអនុវត្តផែនការសកម្មភាពការងារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលដែលបណ្តាញសារព័ត៌មាន The Mirror News ទទួលបាន។

លោកស្រី ជី ថាវី  បានបន្តថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ក្នុងនាមជាសេនាធិការជូនរដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ ជនបទបានរួមចំណែកក្នុងអភិវឌ្ឍនៅក្នុងមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមរយៈការអនុវត្តគម្រោង កសាង ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទសម្រេចបានសមិទ្ធផលតាមវិស័យសំខាន់ៗ ដូចជាការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ សំដៅពង្រឹងពង្រីកវិសាលភាពប្រព័ន្ធផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ការពង្រីកវិសាលភាពពង្រឹងគុណភាពផ្លូវ តាមរយៈការដូរកម្រាលផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូពីរជាន់ (DBST) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ ក្នុងគោល បំណងជំរុញកំណើនសេដ្ឋកិច្ចជាតិចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះខ្សែផ្លូវក្នុងបញ្ជីសារពើភ័ណ្ឌផ្លូវគ្រប់គ្រងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប១០១៣ខ្សែ ប្រវែងសរុប២,២៣១.២០ គ.ម ក្នុងនោះផ្លូវកៅស៊ូពីរជាន់ (DBST) ៥១ខ្សែ ប្រវែង ៣៥៩.៨៨ គ.ម ផ្លូវ បេតុង៩២ខ្សែ ប្រវែង ៣០៥.៥៤គ.ម ផ្លូវល្បាយគ្រួស២១៧ខ្សែ ប្រវែង៤២៤.០៧ គ.ម ផ្លូវល្បាយកំទេចថ្ម ភ្នំ ៤៩ខ្សែ ប្រវែង ១១២.១២ គ.ម ផ្លូវដីស ៥៤២ខ្សែ ប្រវែង ៨៨៥.៦៨ គ.ម ផ្លូវខ្សាច់ភ្នំ ៦២ខ្សែ ប្រវែង ១៤៣.៨៩គ.ម។ ដោយឡែកសម្រាប់សមិទ្ធផលសម្រេចបានរយៈពេល០១ឆ្នាំ ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរបានកសាង ជួសជុល និងថែទាំផ្លូវជនបទសរុប ៣៧ខ្សែ ប្រវែង សរុប១៤៧.៨ គ.ម និងសហការស្ថាបនាជាមួយដៃគូអភិវឌ្ឍន៍ (គម្រោង SAAMBAT, គម្រោង EDCF និង គម្រោង ADB/RRIP3) ចំនួន ១៧ខ្សែ សរុប៩២.៨៣ គ.ម តាមប្រភេទដូចខាងក្រោម៖ *ការងារជួសជុល និងថែទាំផ្លូវល្បាយក្រួស ចំនួន ២៦ខ្សែប្រវែងសរុប១២៧.៦គ.ម។ *ការងារស្ថាបនាផ្លូវបេតុង ចំនួន ១៣ខ្សែ ប្រវែងសរុប ៤០.៦គ.ម។*ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១៥ខ្សែ ប្រវែងសរុប ៧២.៤៣គ.ម។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទតភ្ជាប់ចូលទៅតំបន់កសិកម្មនិងតំបន់ភសិឧស្សាហកម្ម ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទតភ្ជាប់ចូលទៅតំបន់កសិកម្ម និងតំបន់កសិឧស្សាហកម្ម មន្ទីរបានគិតគូរយ៉ាងល្អិនល្អន់ជាមួយភាគីពាក់ព័ន្ធ ជាពិសេសផ្អែកតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតី បុរេសកម្ម ផ្អែកលើតម្រូវការអាទិភាព ដោយផ្តោតសំខាន់លើការតភ្ជាប់ចូលទៅតំបន់កសិកម្ម និងតំបន់កសិ ឧស្សាហកម្មជាអាទិភាព ហើយបើគិតមកដល់ពេលនេះបានសម្រេចលទ្ធផល១០០% ទាំងក្នុងក្របខណ្ឌថវិកាជាតិ និងប្រភពមូលនិធិដៃគូអភិវឌ្ឍន៍នានា ដែលគាំទ្រលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។  ការងារកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទសំដៅដល់លើកកម្ពស់ និងបង្កើនសុខុមាលភាព នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជនបទឱ្យកាន់តែមានភាពល្អប្រសើរឡើងតាមរយៈការផ្គត់ផ្គង់ទឹកជនបទបានគ្រប់គ្រាន់ បរិស្ថានអនាម័យស្អាត ការអប់រំដើម្បីផ្លាស់ប្តូរឥរិយាបថ ដោយចូលរួមសាងសង់ និងប្រើប្រាស់បង្គន់អនាម័យស្រប និងវិធាន ៣ចំណុចរបស់ ក្រសួងអភិវឌ្ឍន៍ជនបទគីផឹកទឹកសុវត្ថិភាព លាងដៃនឹងសាប៊ូ សាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។

លោកស្រីបន្តថា ការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅជនបទតាមរយៈ ការកាត់បន្ថយនូវភាពងាយរងគ្រោះដោយសារជំងឺផ្សេងៗដែលបណ្តាលមកពីការប្រើប្រាស់ និងបរិភោគទឹក គ្មានសុវត្ថិភាព ម្យ៉ាងវិញទៀតទឹក គឺជាចំណែកមួយមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋ។ បើគិតត្រឹមឆ្នាំ២០២៤ ខេត្តកណ្តាលមានភូមិគ្របដណ្តប់បណ្តាញទឹកស្អាតចំនួន ៩៥០ភូមិ ស្មើនឹង ៩២% ក្នុងនោះខ្នងផ្ទះមានទឹកស្អាតប្រើប្រាស់ស្មើនឹង៩០%។ ក្នុងនោះមន្ទីរក៏បានរួមចំណែកសាងសង់ អណ្តូងដែលធន់នឹងការប្រែប្រួលអាកាសធាតុចំនួន ២៧អណ្តូង នៅស្រុកកណ្តាលស្ទឹង អង្គស្នួល ពញាឮ ស្អាង និងក្រុងតាខ្មៅ។ ដោយឡែកចំពោះស្ថានភាពអនាម័យនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ខ្នងផ្ទះប្រើប្រាស់បង្គន់ អនាម័យស្មើនឹង១០០% (ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៨.៧%, ខ្នងផ្ទះប្រើ ប្រាស់បង្គន់អនាម័យរួមស្មើនឹង ១.៣% ស្មើនឹង ៣៣៨៤ខ្នងផ្ទះ) និងជាខេត្តបានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ និងជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាស កាលកម្រិតខ្ពស់ (ODF) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ និងត្រៀមរៀបចំពិធីប្រកាសអបអរសាទរជា ការនៅដើមឆ្នាំ២០២៥ខាងមុខឆាប់ៗនេះ។

លោកស្រីបន្តថា ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងៗទៀត ក្រៅពីមុខរបរកសិកម្ម ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ចូលរួម ដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃនិងបង្កើនប្រាក់ចំណូលដោយផ្ទាល់តាមគ្រួសារក្នុងសហគមន៍ តាមរយៈការបង្កើតឱ្យមានការសាងសង់ផ្សារជនបទ ក្រុមសន្សំប្រាក់ការបណ្តុះបណ្តាលជំនាញ បំណិនជីវិត ដើម្បីកសាងសហគមន៍ជនបទប្រកបដោយវិបុលភាព។

លោកស្រីប្រធានបន្តឲ្យដឹងថា ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានចុះបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ដូចជា៖ ជំនាញបច្ចេកទេសដាំដំណាំហូបផ្លែ ចំនួន ២វគ្គសិក្ខាកាមចូលរួមចំនួន៥០នាក់ ស្រី២៣នាក់, ជំនាញសួនបន្លែ ចំនួន ១វគ្គ សិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្រី ៤នាក់ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ, ជំនាញបច្ចេកទេសចិញ្ចឹមមាន់ចំនួន២វត្ត សិក្ខាកាម ចូលរួមចំនួន៥០នាក់ ស្រី ៨នាក់នៅឃុំគគីរ ស្រុកកៀនស្វាយ។

លោកស្រី ជី ថាវី បានបន្ថែមថា ការងារអភិវឌ្ឍន៍សហគមន៍ បានបើកវគ្គបណ្តុះបណ្តាល គ.អ.ភ ចំនួន ៣វគ្គ ស្មើនឹង ២ឃុំ អ្នកចូលរួមសរុប ៦០នាក់ ស្រី២៣ នាក់ នៅស្រុកកៀនស្វាយ, បានធ្វើបច្ចុប្បន្នភាព គ.អ.ភ ១០០% ចំនួន ១០១០ភូមិ ស្មើនឹង ១២៧ឃុំ សង្កាត់ ១៣ក្រុង ស្រុក និងបានចុះផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិភូមិគំរូ ចំនួន ៣ភូមិ ៣ឃុំ សង្កាត់ ២ក្រុង ស្រុក។

លោកស្រីប្រធានមន្ទីរបានស្នើសុំអាជ្ញាធរជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋកុំសាងសង់រំលោភលើចំណីផ្លូវ និងកុំចាក់ ដីខ្ពស់ជាងផ្លូវ ត្រូវទុកស្នាមភ្លោះតាមបណ្តោយផ្លូវ ដើម្បីងាយស្រួលរំដោះទឹក និងពេលដាក់លូ រំដោះទឹកត្រូវមានជំរាលនិងនីវបាត ដើម្បីងាយស្រួលទឹកហូរពិសេសមុខកាត់លូគួរដាក់មុខ កាត់ចាប់ពី០.៦ម៉ែត្រ។ លោកស្រីក៏បានស្នើសុំអាជ្ញាធររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចុះអប់រំផ្សព្វផ្សាយដល់ក្រុមហ៊ុនអាជីវកម្មដឹកដី ខ្សាច់ ថ្ម និងបងប្អូនប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ដូចជា សមិទ្ធផលជាច្រើនទៀត របស់រាជរដ្ឋាភិបាលសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈឱ្យបាន យូរអង្វែង។ លោកស្រីក៏បានបន្តស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការជាមួយមន្ទីរ ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ ចុះអប់រំ ផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ និងបណ្តាក្រុង ស្រុកទាំង១៣ ដើម្បីផ្លាស់ ប្តូរឥរិយាបថស្រលាញ់បរិស្ថានអនាម័យស្អាត ចូលរួមសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ជាពិសេសចូលរួមអនុវត្តវិធានគន្លឹះ ៣ចំណុចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺផឹកទឹកសុវត្ថិភាព លាងដៃនឹងសាប៊ូ សាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលលោកស្រី ជី ថាវី បានអះអាងដែរថា លទ្ធផលដែលសម្រេចបានក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ គឺពិតជាកើតឡើងតាមរយៈការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលជាពិសេសដោយមានការយកចិត្តទុកដាក់ខ្ពស់ ការណែនាំ ចង្អុលបង្ហាញដោយផ្ទាល់ប្រកបដោយភាពម៉ឺងមាត់ហ្មត់ចត់ និងមានតម្លាភាពរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ ជនបទ ក៏ដូចជានាយកដ្ឋានជំនាញបានជួយបង្កគ្រប់លក្ខណៈសម្បត្តិ ទាំងស្មារតី សម្ភារ និងថវិកា ដែលជា ប្រភពទុនដ៏សំខាន់មិនអាចខ្វះបាន នាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលអនុវត្តការងារកន្លងមកទទួល បានលទ្ធផលល្អប្រសើរ និងមានការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំ ទៅមួយឆ្នាំ និងពីមួយអាណត្តិ ទៅមួយ អាណត្តិ ដើម្បីជាប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តកណ្តាល។ ព្រមជាមួយគ្នានោះផងដែរ លទ្ធផលទាំងនេះពិតជាមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដ៏ធំធេង ពីសំណាក់ថ្នាក់ដឹកនាំ អភិបាលនៃពីគណៈអភិបាលខេត្ត និងការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន វិនិយោគគិន អង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋទូទាំងខេត្ត ព្រម ទាំងមានការខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទី ភារកិច្ច មានសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ប្រកប ដោយស្មារតីអំណត់ព្យាយាម មុះមុត របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានធ្វើឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កណ្តាលត្រូវបានទទួលការវាយតម្លៃខ្ពស់ និងមានការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ព្រម ទាំងបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពធូធាររស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលដៅជាយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងក្រសួង អភិវឌ្ឍន៍ជនបទ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចំរើន ប្រជាជន មានជីវភាពធូរធារប្រកបដោយសេចក្តីសុខ និងវិបុលភាព៕

អត្ថបទដែលជាប់ទាក់ទង