លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងលោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទចុះត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២១អាក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម
(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ រួមនឹងលោកស្នងការរងពាក់ព័ន្ធដឹកនាំកម្លាំងនគរបាលក្រោមឱវាទចុះត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២១អា (ផ្លូវមាត់ទន្លេក្រុងតាខ្មៅ) ដើម្បីបញ្ចៀសការកកស្ទះ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជូនបងប្អូនដែលជាប់សែស្រឡាយចិន និងជនជាតិចិន-វៀតណាម ដែលអញ្ជើញមកអុជធូប សែនព្រេននៅវិហារអ្នកតាធំ ប៉ស៊ែក្រុងតាខ្មៅ ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ក្រោមវត្តមានលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
គួរជម្រាបជូនថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដែលចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្តិចរាចរណ៍ផ្លូវគោកក៏បានចេញសេចក្តីអំពាវនាវបានលើកឡើងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
១-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ក្នុងឱកាសពិធីបុណ្យនានាតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។
២-សូមកុំបើកបរលើសល្បឿនកំណត់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ អ្នកបើកបរ ត្រូវបន្ថយល្បឿនបើកបរនៅក្នុងទីប្រជុំជន ៣០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ទោចក្រយានយន្ត និង៤០ គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់រថយន្ត ត្រូវគោរពផ្លាកសញ្ញាកំណត់ល្បឿននៅក្រៅទីប្រជុំជន និងត្រូវបន្ថយ ល្បឿនតាមទីប្រជុំជន សាលារៀន ផ្លូវត្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ផ្លូវរអិល ឬផ្លូវដែល មានឧបសគ្គផ្សេងៗទៀត។
៣-សូមកុំបើកបរបញ្ច្រាស់ទិសចរាចរណ៍។អ្នកបើកបរត្រូវបើកបរប្រកាន់ស្តាំជានិច្ច និងបើកបរតាមទិសចរាចរណ៍ដែលកំណត់ដោយផ្លាកសញ្ញា ឬដោយគំនូសសញ្ញា។
៤-ត្រូវប្រុងប្រយ័ត្នក្នុងការបត់ ការជែង ការចត ការឈប់ និងត្រូវវាបើកបរតាមគន្លងផ្លូវដែលច្បាប់បានកំណត់។
៥-មុនពេលចេញដំណើរ ត្រូវត្រួតនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាកង់ ហ្វាំង ភ្លើង បំភ្លឺ និងចង្កូត ។
៦-ត្រូវរក្សាជានិច្ចនូវសីលធម៌យោគយល់ អាធ្យាស្រ័យក្នុងការបើកបរ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្ដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម៕