មេប៉ូលិសខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ នឹងដាក់ពិន័យដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់រូបណាដែលបង្ក្រាបបទល្មើសមិនបាន ហើយបទល្មើសតែងកើតឡើងញឹកញាប់ក្នុងមូលដ្ឋានរបស់ខ្លួន
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្តានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ បើមានបទល្មើសកើតឡើងញឹកញាប់ក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបមិនបាន លោកនឹងដាក់ពិន័យដល់នាយប៉ុស្តិ៍រូបនោះ តាមបទវិន័យកងកម្លាំងនគរបាលជាតិ។
ការដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំពង្រឹងបច្ចេកទេសនិងប្រសិទ្ធភាពការងារជំនាញ និងការងារចាំបាច់ផ្សេងៗ ដល់កម្លាំងនគរបាលទូទាំងខេត្ត។
លោកស្នងការបានជម្រុញដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បន្តគ្រប់គ្រងចំណូល ចំណាកស្រុក ការស្នាក់នៅរបស់ជនបរទេស និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។
គួរជម្រាបថា នៅក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់ៗពិភាក្សាលើរបៀបវារៈចំនួន០៣រួមមាន៖ *ទី១-ការងារប្រតិកម្មរហ័ស *ទី២-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង*ទី៣-ការងារសន្តិសុខជាតិ និងកិច្ចការងារចាំបាច់ផ្សេងៗ៕