លោកចៅហ្វាយខេត្តតាកែវដាក់បទបញ្ជាប៉ូលីសចរាចរណ៍មិនត្រូវឱ្យមានតទៅទៀតចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទបិទស្លាកVIP បិទស្លាក ហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនន ត្រូវបកចេញ
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានដាក់បទបញ្ជាទៅដល់លោកស្នងការនគរបាលខេត្ត ពិសេសប៉ូលីសចរាចរណ៍ ត្រូវតែហាមឃាត់និងមិនត្រូវឱ្យមានតទៅទៀតឡើយ ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាក ហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនន ត្រូវបកចេញ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងបន្តថា ចំពោះរថយន្តដឹកទំនិញទាំងអស់ ដែលមានស្លាកVIP មានបិទស្លាក ហ.ជ គឺត្រូវដកចេញទាំងអស់នៅលើកញ្ជក់ឡាន មិនត្រូវអោយមាន ហើយរថយន្តដឹកទំនិញ ឬរថយន្តធំៗ ដែលមានបិទស្គុតខ្មៅនៅកញ្ចក់ ឬដាក់រីដូរវាំងនង ក៏មិនត្រូវឱ្យមានដែរ ។ បញ្ហានេះសូមកម្លាំងសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ដែលឈរជើងនៅតាមដងផ្លូវនានាទូទាំងខេត្តតាកែវ យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងអនុវត្តឱ្យបានល្អថែមទៀត។
លោកអភិបាលខេត្តបន្ថែមទៀតថា បញ្ហារថយន្តនេះផងដែរ សូមកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ចំពោះរថយន្តដែលដឹកសំពីងសំពាង ឡានទូរីសដែលដឹកទំនិញដាក់ឥវ៉ាន់ខ្ពស់ៗ យើងត្រូវតែហាមឃាត់ និងអប់រំណែនាំពួកគាត់មិនត្រូវដឹកទំនិញបែបនេះទៀតឡើយ ព្រោះវាងាយនឹងគ្រោះថ្នាក់ចរាចរណ៍ និងរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរួមដំណើរលើផ្លូវជាមួយគ្នា ដូច្នោះត្រូវពិនិត្យឱ្យបានម៉ត់ចត់ឡើងវិញ ។
លោក វ៉ី សំណាង បានបញ្ជាក់ថា ទន្ទឹមនឹងការត្រួតពិនិត្យចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទដែលមានបិទស្លាកVIP បិទស្លាកហ.ជលើកញ្ចក់ ឬបិទស្គុតខ្មៅ ឬដាក់រីដូរវាំងនង សូមប៉ូលីសចរចារណ៍ត្រូវពង្រឹងការត្រួតពិនិត្យប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ហើយក៏ត្រូវតែត្រួតពិនិត្យគ្រឿងញៀនថែមទៀតផង ដើម្បីធានាឱ្យការគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឱ្យនៅមកត្រឹមកម្រិតទាបជាអប្បបរិមាណ៕