ចៅហ្វាយខណ្ឌព្រែកព្នៅប្រាប់អ្នកកាសែតថា លោកបានបញ្ជាឲ្យអភិបាលរងពីរបីនាក់ ចុះទៅមើលហើយ ករណីចាក់ដីចូលយ៉ាងជ្រៅទៅលើប្រឡាយនៅចំណុចគល់ស្ពានឡុងឈិន
(ភ្នំពេញ)៖ គ្រឿងចក្រកំពុងធ្វើសកម្មភាពចាក់ដី និងកំពុងធ្វើរបងនៅគ្រាដែលឈ្មួញកំពុងចាក់ដីចូលយ៉ាងជ្រៅទៅលើប្រឡាយ នៅចំណុចគល់ស្ពានឡុងឈិនក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាំឱ្យមហាជនរិះគន់ថា ការចាក់ដីនោះគឺលុបចំណីព្រែក សាធារណៈរបស់រដ្ឋយ៉ាងពិតប្រាកដ។
ម្ចាស់ ដីឈ្មោះ ហួន សារឿន មន្ត្រីនគរបាលក្រសួងមហាផ្ទៃអះអាងថា ដីនេះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយការចាក់ដីនិងធ្វើរបងនេះ មើលទៅតាមប្លង់ដីដែលមានបានកម្មសិទ្ធិត្រឹមត្រូវ។ បុរសដែលអះអាងជាម្ចាស់ដីប្រាប់ថាខ្លួនមានប្លង់រឹងត្រឹមត្រូវ ។ ប្រជាពលរដ្ឋចោទសួរថា តើប្លង់រឹងឯណា ដែលអនុញ្ញាតឱ្យចាក់ដីធ្វើរបងស្ទើរតែពាក់កណ្ដាលប្រឡាយទៅហើយនោះ?
ប្រភពមន្ត្រីសាលាខណ្ឌព្រែកព្នៅបានឲ្យដឹងថា ដោយ អាងអំណាចធំ ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ម្ចាស់ដីខាងលើបាននិងកំពុងធ្វើរបងចូលយ៉ាងជ្រៅទៅ លើប្រឡាយដោយមិនបានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ មន្ត្រីខាងលើមានចម្ងល់ថា តើស្ថាប័នខាងណាឃើញច្បាប់ប្លង់រឹងឲ្យម្ចាស់ដីកាន់កាប់ប្រឡាយស្ទើពាក់កណ្ដាលផ្ទៃទឹកទៅហើយនោះ។
ករណីចាក់ដីរំលោភយកដីចំណីព្រែកប្រឡាយ បាននិងកំពុងកើតឡើងនៅចំនុចគល់ស្ពានឡុងឈិនត្រើយខាងលិច ក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមការអះអាងពីពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា បុគ្គលដែលបានចាក់ដីរំលោភយកដីចំណីព្រែកប្រឡាយខាងលើនេះឈ្មោះ ហួន សារឿន ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ អាងអំណាចមិនស្ដាប់មន្ត្រីអាជ្ញាធរខណ្ឌព្រែកព្នៅនិងប្រើពាក្យសម្ដីមិនសមរម្យលើអ្នកកាសែតទៀតផង។ អ្នកភូមិបន្តថា ប្រហែលជាគេមានខ្សែខ្នងបង្អែកធំហើយមើលទៅ ទើបអាចធ្វើរបងព្រំដីរហូតដល់ចង់ពាក់កណ្ដាលព្រែកប្រឡាយទៅហើយ។ ការបោះបង្គោលនឹងធ្វើរបង ចូលទើបពាក់កណ្ដាលឡាយព្រែកនោះ ធ្វើឲ្យផ្ទៃព្រែករួមតូច និងបង្កឲ្យស្ទះចរន្តទឹកនៅរដូវវស្សា។ ប្រការនេះគឺបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងនៅរដូវទឹកឡើងឬទឹកជន់ខ្លាំង។
ពាក់ព័ន្ធករណីនេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានប្រាប់អ្នកកាសែតកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២៥នេះថា ករណីខាងលើនេះ លោកបានបញ្ជាឲ្យអភិបាលរងពីរ,បីនាក់ ចុះទៅមើលហើយ និងបានកំណត់ព្រំបានច្បាស់លាស់ មិនអនុញ្ញាតឲ្យមានការចាក់ដីចូលព្រែកនោះទេ។ លោកអភិបាលខណ្ឌបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងទឹកដីខណ្ឌព្រែកព្នៅ នេះ គ្មានអ្នកណាម្នាក់ដែលធ្វើអ្វីៗស្រេចតែចិត្ត មិនអាចរំលងច្បាប់បាននោះទេ។ លោកអភិបាលខណ្ឌព្រែកព្នៅបានបន្ថែមថា នឹងចាត់កម្លាំងឲ្យចុះមកត្រួតពិនិត្យមើលដើម្បីចាត់វិធានការបន្ត។
ជុំវិញករណីខាងលើមហាជនក៏ដូចជាប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចាត់មន្ត្រីជំនាញ ជួយត្រួតពិនិត្យករណីខាងលើនេះផង ព្រោះព្រែកមួយនេះកំពុងតែរួមតូចទៅៗហើយ។ បើបណ្ដែតបណ្ដោយ នោះវានឹងបង្កឲ្យមានហានិភ័យនៅរដូវវស្សាជាមិនខានឡើយ និងជាគំរូបអាក្រក់សម្រាប់អ្នកដទៃទៀត៕