លោក ខុន សេរីរដ្ឋា ស្នើដល់មន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព

(កណ្តាល)៖ លោក ខុន សេរីរដ្ឋា ស្នើដល់មន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធឲ្យបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ទាំងនៅក្នុងស្រុកកៀនស្វាយឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់។

ការស្នើរបស់លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧០៧ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លី នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅវត្តបុទុមគង្គារស្ទឹង។

លោកអភិបាលរងខេត្តបានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ដាក់ចេញនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅក្នុងភូមិស្ទឹង២ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទាំង៧០៧ប័ណ្ណ ចាប់ពីពេលនេះតទៅបងប្អូនអាចមានសិទ្ធ លើអចលនវត្ថុ អាចប្រើប្រាស់ និងអាចចាត់ចែងបានតាមតម្រូវការចាំបាច់ និងស្របតាមច្បាប់។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ​ ដែល​អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះយើងពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ។

លោកអភិបាលរងខេត្តបាន​អបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ។

បើតាមរបាយការណ៍របស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឲ្យដឹងថា បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ និង៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង៥៣% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន៨៥២,៦៤៦ក្បាលដី ក្នុងនោះបាន ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៨៩,៩៨៣ប័ណ្ណ និងចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន២៣១លើកស្មើនឹង ៣១៤,០៨៧ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣២ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិស្ទឹង២ ចំនួន ៧០៧ ប័ណ្ណ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង