ផ្ទុះអាវុធនៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ក្រុងព្រះសីហនុ ក្រុមប៉ូលិសបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់!
(ព្រះសីហនុ)៖ នៅវេលាម៉ោង១០៖១៤នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីផ្ទុះអាវុធ មួយកើតឡើងបង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុធ្វេីការស្រាវជ្រាវ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត០១គ្រឿង ម៉ាក ស៊ឺដេស ពណ៌ស នៅចំនុចមន្ទីរពេទ្យឯកជន មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ០៣នាក់ ស្រី០១នាក់បន្ថែមទៀត។
ករណីនេះបណ្ដាលអោយរងរបួសជនសង្ស័យ ០១នាក់ ជាជនជាតិចិន (រងរបួសផ្ទុះអាវុធ ដោយខ្លួនឯង) ត្រូវ០១គ្រាប់ ចំភ្លៅខាងឆ្វេង កំពុងដេកសម្រាកនៅមន្ទីពេទ្យឯកជន។
វត្ថុតាងដែលក្រុមប៉ូលិសចាប់បានរួមមាន៖សំបកគ្រាប់ចំនួន២គ្រាប់ និងគ្រាប់ចំនួន៤គ្រាប់ នៅកន្លែងកើតហេតុ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំជនជាតិចិនចំនួន ០៣នាក់ ស្រី០១នាក់ និងរថយន្ត០២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕