ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជាពិភាក្សាការងាជុំវិញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុងរាជធានីបាងកក ព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូអមដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយផ្តោតជាពិសេសលើការស្វែងយល់អំពី សក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅរបស់កម្ពុជា។
លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ព្រមទាំងការពង្រីកសមត្ថភាព និងវិសាលភាពរបស់កំពង់ផែនៅតាមបណ្តាខេត្តជាប់សមុទ្រ មានជាអាទិ៍ ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលទាំងអស់នោះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលតាំងពីនីតិកាលមុនៗ រហូតមកដល់បច្ចុប្បន្ន ពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្រ្ត និងការដាក់ចេញនូវគោលនយោបាយនានា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមលើកកម្ពស់ភាពប្រទាក់ក្រឡាក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូអមដំណើរ ឯកឧត្តមឯកអគ្គរាជទូត ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទាំងនេះ ជាមួយនឹងសមិទ្ធផលជារូបវ័ន្តដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ តាមរយៈព័ត៌មានយ៉ាងក្បោះក្បាយក្នុងជំនួបពិភាក្សានាព្រឹកនេះដែរ គណៈប្រតិភូនឹងនាំយកជាមូលដ្ឋានបន្ថែមក្នុងការវិភាគ ពិនិត្យលទ្ធភាព មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគក្នុងផ្នែកណាមួយនាពេលខាងមុខ។
ជាកិច្ចបញ្ចប់ជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវសុឆន្ទៈរួមក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពការទូតរវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ដាណឺម៉ាក ឱ្យកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមមួយកម្រិតទៀត៕