លោក មាស សាវឿន, លោក យឿន ម៉ោះ និងបក្ខពួកត្រូវបានគេប្ដឹងទៅកាន់តុលាការខេត្តបន្ទាយមានជ័យពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមបញ្ញត្តិមាត្រា២៤៨, ២៤៩
(បន្ទាយមានជ័យ)៖ លោក មាស សាវឿន និងលោក យឿន ម៉ោះ និងបក្ខពួកមួយចំនួនទៀត ត្រូវបានឈ្មោះ គួច ហ៊ុយខេង ឈ្មោះ អ៊ុយ ហ្សង់លុច ឈ្មោះ អ៊ុយ អាឡិចសង់ និងឈ្មោះ អ៊ុយ អង់កាន់ប្ដឹងទៅកាន់តុលាការខេត្តបន្ទាយមានជ័យពីបទ៖ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត (ប៉ះពាល់កម្មសិទ្ធិឯកជន)» តាមបញ្ញត្តិមាត្រា២៤៨ និងមាត្រា២៥៣ នៃច្បាប់ភូមិបាលដែលបានប្រព្រឹត្តបន្តបន្ទាប់ចាប់ពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងអំឡុងខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ នេះបើតាមពាក្យបណ្ដឹងដែលអង្គភាព The Mirror News ទើបទទួលបាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងពាក្យបណ្ដឹងរបស់ឈ្មោះ គួច ហ៊ុយខេង ឈ្មោះ អ៊ុយ ហ្សង់លុច ឈ្មោះ អ៊ុយ អាឡិចសង់ និងឈ្មោះ អ៊ុយ អង់កាន់ មានអាសយដ្ឋាននៅផ្ទះលេខ ១៨៨ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានសុំប្តឹង៖ ១. ឈ្មោះ មាស សាវឿន ភេទប្រុស មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ ២. ឈ្មោះ តេង ចាន់ភិរម្យ ភេទប្រុស កើតឆ្នាំ ១៩៨៤ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 170802907 មានទីលំនៅបច្ចុប្បន្ននៅក្រុមទី៦ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង។ ៣. ឈ្មោះ យឿន ម៉ោះ ភេទប្រុស កើតឆ្នាំ ១៩៧៤ មានទីលំនៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ៤. ឈ្មោះ ជា ម៉ៅ ភេទប្រុស រស់នៅភូមិចន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៥. ឈ្មោះ សុន ភាក់ ភេទប្រុស រស់នៅភូមិចន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៦. និងបក្ខពួក ទៅកាន់ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យពីបទ៖ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត (ប៉ះពាល់កម្មសិទ្ធិឯកជន)» តាមបញ្ញត្តិមាត្រា ២៤៨ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល ដែលបានប្រព្រឹត្តបន្តបន្ទាប់ចាប់ពីអំឡុងខែកញ្ញា ឆ្នាំ ២០២៤ និងអំឡុងខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
គួររំលឹកថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្រេចបញ្ចប់មុខតំណែង លោក មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ការបញ្ចប់មុខតំណែងនេះមិនទាន់បានបញ្ជាក់ពីមូលហេតុនោះឡើយ។ តែប្រភពព័ត៌មានខ្លះ អះអាងថា អាចជាប់ព័ន្ធនឹងការប្រព្រឹត្តរឿងមិនប្រក្រតីមួយចំនួន។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០ លោក មាស សាវឿន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក មាស សាវឿន ក៏ធ្លាប់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ ពេលលោកជាអតីតអភិបាលរងខេត្តព្រះវិហារ ដោយសារជាប់ពាក់ព័ន្ធបញ្ហាដីធ្លី។
គួរជម្រាបជូនផងដែរថា ជុំវិញករណីខាងលើនេះ អង្គភាព The Mirror News ពុំអាចសុំការបំភ្លឺពីលោក មាស សាវឿន និងលោក យឿន មោះ រួមជាមួយអ្នកដែលត្រូវបានលោកមេធាវី អ៊ុ សារ៉ា និងលោកមេធាវី សាន សុផា ជាមេធាវី តំណាង និងការពារសិទ្ធិឱ្យកូនក្ដីខាងលើនោះទេ ដោយសារពុំមានលេខទូរស័ព្ទឬបណ្ដាញសង្គមដែលអាចធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់បាននោះទេ។ ទោះបីយ៉ាងណា អង្គភាព The Mirror News នៅតែរង់ចាំទទួលការបំភ្លឺជុំវិញករណីខាងលើ រៀងរាល់ម៉ោងធ្វើការ៕