លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យអនុវត្តនីតិវិធីច្បាប់ ខណៈបានចេញសំបុត្របញ្ជាក់កំណើតឱ្យជនជាតិវៀតណាម រំលោភលើអំណាចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ

(កណ្ដាល)៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥បានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិអនុវត្តនីតិវិធីច្បាប់ទៅលើលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចេញសំបុត្របញ្ជាក់កំណើតឱ្យជនជាតិវៀតណាម ដែលជាជនបរទេសអន្តោប្រវេសន៍។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលអង្គភាព The Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។

នៅក្នុងលិខិតជូនដំណឹងបញ្ជាក់ថា យោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ មានទីលំនៅផ្ទះលេខ៦៥០ ផ្លូវលេខ២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ។

ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងដូចមានក្នុងយោងខាងលើ សុំប្តឹងពីឈ្មោះរួមមាន ១.លោក ជៀម សំរិតធី មន្ត្រីនគរបាលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ២.លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ៣.លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ និង៤.លោកស្រី ជៀម សំរិតសោភា ជាអ្នកសរសេរលើសំបុត្រកំណើត(កាន់ឯកសាររត់ការ)ពីបទ «រំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ»។ ក្រោយពីបានចាត់មន្ត្រីធ្វើអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដូចខាងក្រោម៖

*អនុវត្តវិន័យក្រោមរូបភាពដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះ លោកអនុសេនីយ៍ឯក ហ៊ុន សុខម៉ុត អត្តលេខ ៧៤៥៤២ នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ត្រី ទឹម ពុទ្ធីរ៉ា អត្តលេខ ៦៥៤៨១ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

*អនុវត្តវិន័យក្រោមរូបភាពបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះលោកអនុសេនីយ៍ឯក យិត- ចាន់ដារ៉ា អត្តលេខ ៤០០២៨ មន្ត្រី នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

*អប់រំ ព្រមានលើកទី១ ចំពោះលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ អត្តលេខ ៥៨៤៩៩ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលតាខ្មៅ និងលោកអនុសេនីយ៍ត្រី ជៀម សំរិតធី អត្តលេខ ៨៣៥០៦ មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវតែអនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមប្រភពផ្សេងទៀតថា ផ្អែកតាមលទ្ធផលនៃការធ្វើអធិការកិច្ច និងពិនិត្យលើឯកសារពាក់ព័ន្ធ អគ្គាធិការដ្ឋាន សូមធ្វើ ការសន្និដ្ឋានដូចខាងក្រោម៖ *លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ពិតជាបានចុះហត្ថលេខាលើសំបុត្របញ្ជាក់កំណើត ជូនជនបរទេស(សញ្ជាតិវៀតណាម) ឈ្មោះ សុខ ចាន់ធី ដែលផ្ទុយនឹងអនុក្រឹត្យលេខ១៧អនក្រ.បក ចុះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីអត្រានុកូលដ្ឋាន ត្រង់មាត្រា៤៣ថ្មី ដែល ចែងថាពលរដ្ឋខ្មែរដែលកើតមុនអនុក្រឹត្យស្តីពីអត្រានុកូលដ្ឋានថ្មីនេះចូលជាធរមាន ហើយគ្មានសំបុត្រ បញ្ជាក់កំណើតប្រើប្រាស់ អាចសុំចុះសៀវភៅអត្រានុកូលដ្ឋានបញ្ជាក់កំណើតបានតាមគំរូណែនាំថ្មីនៅ សាលាឃុំ សង្កាត់ ដែលខ្លួនរស់នៅជាប់លាប់បច្ចុប្បន្នដោយមានសាក្សីចំនួន០២រូប ជានីតិជនហើយត្រូវ មានទីលំនៅពិតប្រាកដនាំមកបញ្ជាក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន និងអនុក្រឹត្យលេខ២៨៧ អនក្រ.បក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្តីពីបែបបទ និងនីតិវិធីនៃការសុំសញ្ជាតូបនីយកម្ម ត្រង់មាត្រា៨ ដែលចែងថា ការផ្តល់សញ្ជាតិខ្មែររបស់ជនបរទេសជាបុរស ឬជាស្ត្រីដោយសញ្ជាតូបនីយកម្មត្រូវសម្រេចដោយ ព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីមានសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំពោះ ការផ្តល់សញ្ជាតូបនីយកម្មឱ្យជនបរទេសគឺ «រំលោភលើអំណាចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ»៕

អត្ថបទដែលជាប់ទាក់ទង