ក្រុមប៉ូលិសព្រហ្មទណ្ឌបង្ក្រាបករណីលាក់កំបាំងសាកសពជនរងគ្រោះធ្លាក់ពីលើអគារ ដោយយកសពទៅកប់ចោលនៅស្រុកពញាក្រែក ខេត្តត្បូឃ្មុំ
(ត្បូងឃ្មុំ)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦៖៣០នាទី មានករណីប្រទះឃើញសាកសពបុរសម្នាក់ ជាជនជាតិចិន នៅចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយពីមានហេតុការណ៍ខាងលើ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ យ៉ាងយកចិត្តទុកដាក់ ដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមមនុស្សមួយចំនួនដែលពាក់ពន្ធ័យកសាកសពទៅកប់ចោលដោយពុំបានរាយការណ៍ជូនសមត្ថកិច្ច។
លុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២៖១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់។ ក្រោយពីបានធ្វើការសាកសួរជនសង្ស័យខាងលើ ចំនួន៤រួមមាន៖ ទី១៖ឈ្មោះ XIAO LIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន,ទី២៖ឈ្មោះ XU NINGXUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន,ទី៣៖ឈ្មោះ SAI AUNG KHAY ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា,ទី៤៖ឈ្មោះ ANGTA AILAI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិមីយ៉ាន់ម៉ាបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកជនរងគ្រោះធ្លាក់ពីលើអគារ តែជនរងគ្រោះស្លាប់តាមផ្លូវហើយក៏ដឹកសាកសពទៅកប់នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រាកដមែន។ ចំណែកឯមនុស្សចំនួន៣នាក់ទៀត គឺមិនមានការជាប់ពាក់ព័ន្ធក្នុងករណីខាងលើឡើយ។
ក្រោយបញ្ចប់ការសួរនាំ ជនដៃដល់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕