នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងថាជាទស្សនៈផ្ទាល់ខ្លួន កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរភារកិច្ចចាំបាច់ជាក់ស្តែងចំពោះមុខ និងសម្រាប់ពេលអនាគត។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្ថែមថា ការធ្វើទំនើបកម្មនេះត្រូវផ្តោតលើកត្តាចម្បងចំនួន ទំនើបកម្មរចនាសម្ព័ន្ធ សំដៅលើការរៀបរយក្របខ័ណ្ឌចាត់តាំងកម្លាំងដើម្បីត្រៀមឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ មានជាអាទិ៍៖ អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិជាដើម។ ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាពម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ និងទី៣ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន៖ សាលាហ្វឹកហ្វឺន យោធាចារ្យ កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានស្នើដល់និស្សិត-សិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព។

ដោយឡែក ចំពោះនិស្សិត-សិក្ខាកាមវគ្គថ្មី និងវគ្គបន្តឱ្យព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់និស្សិត-សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗ ពីសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត។

គួរឱ្យដឹងដែរថា សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ២០១៨-២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០វគ្គ និងមានសិក្ខាកាមប្រមាណជាង ៤ ០០០ នាក់ ហើយដែលចំនួនសិក្ខាកាមនេះ បានកើនឡើងលើសសន្ទស្សន៍ផែនការពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារការចង់ចេះចង់ដឹងរបស់យោធិនយើងក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាសនៃសន្តិភាព៕

 

អត្ថបទដែលជាប់ទាក់ទង