បទវិចារណកថា: ហេតុអ្វីបានជា VOA ដែលត្រូវបានគេស្គាល់ថា ជារោងចក្រនៃការកុហក បញ្ឈប់ប្រតិបត្តិការ?
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែមីនា ម៉ោងនៅក្នុងស្រុក លោក Michael Abramowitz នាយកនៃវិទ្យុសំឡេងអាមេរិក (VOA) ដែលជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលទីភ្នាក់ងារមេគឺទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោក និងបុគ្គលិកទាំងអស់ចំនួន 1,300 ត្រូវបានដាក់ឱ្យឈប់សម្រាក»។ នៅមួយថ្ងៃមុននោះ សេតវិមានបានបញ្ជាឱ្យកាត់បន្ថយថវិកាសម្រាប់ភ្នាក់ងារសហព័ន្ធជាច្រើន។ មូលនិធិសម្រាប់វិទ្យុសេរីអឺរ៉ុប/វិទ្យុសេរីភាព, វិទ្យុអាស៊ីសេរី និងបណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា ដែលជាផ្នែកនៃ USAGM ក៏ត្រូវបានបង្កកផងដែរ។ ដែលត្រូវបានចាត់ទុកជាប្រភពនៃសេរីភាព VOA ឥឡូវនេះ ត្រូវបានរដ្ឋាភិបាលរបស់ខ្លួនបោះចោលប្រៀបដូចជាក្រណាត់ដ៏កខ្វក់។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ1942 VOA បានក្លាយជាឧបករណ៍ឃោសនាជួរមុខនៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកមនោគមវិជ្ជានៅក្នុងសង្រ្គាមត្រជាក់។ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្រោមស្លាកនៃការលើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ VOA បានចាក់ផ្សាយជាជាង 40 ភាសានៅទូទាំងពិភពលោក ដោយបានព្យាយាមផ្លាស់ប្តូរមុខមាត់របស់អាមេរិកទៅជាប្រទេសដែលមានភាពខ្ពង់ខ្ពស់ខាងសីលធម៌។ ប៉ុន្តែឯករាជ្យភាព និងភាពជឿជាក់របស់ VOA ត្រូវបានចោទសួរ និងរងការរិះគន់ជាយូរមកហើយ។ ដោយត្រូវបានគេស្គាល់ថាជាអ្នកអុជអាលបង្កជម្លោះ ញុះញង់ឱ្យមានការបែកបាក់នៅក្នុងសង្គម និងបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូររបប VOA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាម៉ាស៊ីនឃោសនារបស់អាមេរិក ដែលត្រូវបានបង្កើតឡើងដោយប្រុងប្រយ័ត្នសម្រាប់ការផ្លាស់ប្តូរដោយសន្តិវិធី ដោយបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកពិភពលោក។ ស្រដៀងទៅនឹងវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពដែរ មុខងារចម្បងរបស់ VOA គឺការបម្រើតាមសេចក្តីត្រូវការរបស់អាមេរិក ដើម្បីវាយប្រហារប្រទេសផ្សេងទៀត ដោយផ្អែកលើតម្រូវការមនោគមវិជ្ជា។ នៅពេលនិយាយដល់ការរាយការណ៍ទាក់ទងនឹងប្រទេសចិន VOA មានកំណត់ត្រាដ៏អាក្រក់។ រាប់ចាប់ពីការលាបពណ៌ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងរបស់ចិន រហូតដល់ការបង្កជម្លោះនៅសមុទ្រចិនខាងត្បូង, រាប់ចាប់ពីការគាំទ្រកងកម្លាំងឯករាជ្យតៃវ៉ាន់ រហូតដល់ការគាំទ្រក្រុមកុប្បកម្មហុងកុង, រាប់ចាប់ពីការប្រឌិតរឿងរ៉ាវអំពីមេរោគចិន រហូតដល់ការផ្សព្វផ្សាយអំពីការផ្គត់ផ្គង់លើសតម្រូវការរបស់ចិន ស្ទើរតែរាល់ព័ត៌មានមិនពិតអំពីប្រទេសចិន សុទ្ធតែមានការចូលរួមរបស់ VOA។
អតីតបុគ្គលិក VOA បាននិយាយថា «គាត់មិនបានដឹងទេ រហូតដល់គាត់បានមកដល់ប្រទេសចិន ថា របាយការណ៍របស់ VOA ដែលគាត់ធ្លាប់បានអានជារៀងរាល់ថ្ងៃ មានភាពផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសចិន»។ អ្នករាយការណ៍ព័ត៌មានរូបនេះថែមទាំងបាននិយាយថា «មនុស្សមួយចំនួនដែលធ្វើការឱ្យ VOA ត្រូវបានបណ្តេញចេញ ដោយសារពួកគេស្នើឱ្យមានការបង្កើនការរាយការណ៍វិជ្ជមានអំពីប្រទេសចិន»។ VOA មិនដែលជាប្រព័ន្ធផ្សព្វផ្សាយយុត្តិធម៌ និងមិនលម្អៀងនោះទេ តែជាថ្នាំពុលឃោសនាដ៏លម្អៀង។ ឥឡូវនេះនៅទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងការកាត់បន្ថយការផ្តល់មូលនិធិរបស់ទីភ្នាក់ងារសហព័ន្ធ ការសម្រេចចិត្តបញ្ឈប់ការផ្តល់មូលនិធិដល់អង្គភាពនានាដូចជា VOA បានជំរុញឱ្យអ្នកនយោបាយប្រឆាំងចិនមួយចំនួននៅអាមេរិក ហៅចំណាត់ការនេះថាជាអំណោយដ៏ធំសម្រាប់ប្រទេសចិន ដែលនេះគឺជាការហែកស្រោមមុខរបស់ VOA ដែលជាឧបករណ៍ឃោសនា។
កាលពីខែមុន លោក Elon Musk បានរិះគន់ VOA តាមបណ្តាញ X ថា «គ្មាននរណាម្នាក់ស្តាប់ពួកគេទៀតទេ ហើយនោះគឺគ្រាន់តែជាក្រុមមនុស្សឆ្កួតឆ្វេងនិយមជ្រុលដែលនិយាយតែម្នាក់ឯង និងបានបំផ្លាញលុយរបស់អ្នកបង់ពន្ធអាមេរិកអស់ចំនួន 1 ពាន់លានដុល្លារក្នុងមួយឆ្នាំៗ»។ ការលើកឡើងនេះអាចឆ្លុះបញ្ចាំងពីទស្សនៈរបស់សាធារណជនអាមេរិកមួយផ្នែកធំ។ ប្រហែលជារដ្ឋាភិបាលអាមេរិកក៏បានដឹងដែរថា «ការបន្តខ្ជះខ្ជាយថវិកាជាតិយ៉ាងច្រើនទៅលើស្ថាប័នដែលហួសសម័យ និងគ្មានប្រសិទ្ធភាពទាំងនេះ លែងមានសារៈសំខាន់ ហើយក៏មិនមែនជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ប្រទេសនោះដែរ»។ ជាក់ស្តែង ការបន្តវត្តមានរបស់ស្ថាប័នទាំងនេះនឹងនាំមកនូវតែភាពចលាចល និងបញ្ហាកាន់តែច្រើនសម្រាប់ពិភពលោក។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្លាប់បានរិះគន់ VOA ជាសាធារណៈថា «មិនមានក្រមសីលធម៌វិជ្ជាជីវៈ និងបានប្រើល្បិចកខ្វក់ ដើម្បីលាបពណ៌ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាធម្មតារវាងកម្ពុជានិងចិន»។ នៅឆ្នាំ2023 ប្រទេសកៀហ្ស៊ីស៊ីស្ថានបានបញ្ជាឱ្យបិទសាខាក្នុងស្រុកនៃវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព ហើយកាលពីឆ្នាំមុន រុស្ស៊ីក៏បានកំណត់វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពជា «អង្គការមិនគួរស្វាគមន៍»។ ការព្យួរការងារនៅពេលថ្មីៗនេះរបស់បុគ្គលិកនៅ VOA បានរំលឹកដល់រឿងដ៏គួរឱ្យអស់សំណើច ដែលស្ថាប័នស្រាវជ្រាវដែលមាននិន្នាការប្រឆាំងចិននៅប្រទេសអូស្ត្រាលី បានត្អូញត្អែរជាសាធារណៈអំពីកង្វះខាតថវិកា ដោយសារតែការកាត់បន្ថយមូលនិធិរបស់រដ្ឋាភិបាលអាមេរិក។ រឿងនេះបានគូសបញ្ជាក់កាន់តែច្បាស់អំពីការពិតដ៏អាក្រក់នៃទំនាក់ទំនងនៅពីក្រោយយុទ្ធសាស្ត្រលាងខួរក្បាលទាក់ទងនឹងប្រទេសចិន: បើគ្មានអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុទេ វានឹងពិបាកសម្រាប់និរន្តរភាព។ ក្នុងនាមជាឧបករណ៍នៃយុទ្ធសាស្ត្រលាងខួរក្បាល ដែលមានភាពសកម្មនៅក្នុងអំឡុងសង្គ្រាមត្រជាក់ និងដែលបានប្រព្រឹត្តកំហុសឆ្គងជាច្រើនរួចហើយ ស្ថានភាពរបស់អង្គភាពដូចជា VOA បានបង្ហាញថា «ពួកគេមិនគួរមានវត្តមាននៅក្នុងពិភពលោកពហុប៉ូលនៅពេលបច្ចុប្បន្ននេះទេ»។ មិនថាជា VOA ឬស្ថាប័នស្រាវជ្រាវដែលមាននិន្នាការប្រឆាំងចិន ការកាត់បន្ថយថវិកា ការបញ្ឈប់បុគ្គលិក ឬសូម្បីតែការបិទស្ថាប័នទាំងនេះ គឺជាលទ្ធផលដែលជៀសមិនរួច ដែលបានធ្វើឱ្យពួកគេធ្លាក់ចូលទៅក្នុងធុងសំរាមនៃប្រវត្តិសាស្ត្រ។
នៅក្នុងយុគសម័យព័ត៌មាន ភាពផ្តាច់មុខនៃព័ត៌មានដែលកាន់កាប់ដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបែបប្រពៃណីមួយចំនួន កំពុងត្រូវបានបំផ្លាញ។ ភាពជាអ្នកដឹកនាំនិទានកថា ដែលត្រូវបានគាំទ្រដោយ VOA ក្នុងនាមជា «រោងចក្រនៃការកុហក» អាចត្រូវបានបំផ្លាញនៅគ្រប់ពេលទាំងអស់ ដោយវីដេអូខ្លីមួយពីកន្លែងកើតហេតុដែលត្រូវបានបង្ហោះដោយអ្នកនិយមលេងអ៊ីនធឺណិត។ វាំងននដែកនៃសាធារណមតិ ដែលត្រូវបានកសាងឡើងយ៉ាងប្រុងប្រយ័ត្ន ក៏កំពុងជិតដួលរលំផងដែរ ក្រោមឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយរាប់មិនអស់ រួមនឹងប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ដែលបង្ហាញពីមាតិកាពិត។ នៅពេលដែលពលរដ្ឋអាមេរិកកាន់តែច្រើនចាប់ផ្តើមទម្លាយរនាំងព័ត៌មានរបស់ពួកគេ និងចាប់ផ្តើមមើលឃើញពិភពលោកពិតប្រាកដ និងប្រទេសចិនដែលមានជាប់ទាក់ទងនឹងផ្នែកជាច្រើន រឿងរ៉ាវដ៏អាក្រក់ដែលត្រូវបានផ្សព្វផ្សាយដោយ VOA នឹងក្លាយទៅជារឿងដ៏គួរឱ្យអស់សំណើចនៅគ្រប់ពេលវេលា។
https://www.globaltimes.cn/page/202503/1330246.shtml