សម្តេចតេជោ ហ៊ុន សែន តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំគ្រប់កាលៈទេសៈ

ព្រៃវែង៖ «ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈការបង្កើតយន្តការជាច្រើនចុះបម្រើប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារ»។ នេះប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិតក៏អនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ក៏ដូចជានៅទូទាំងខេត្តព្រៃវែង ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើង ក្នុងទីអារាមវត្តគ្រើលដ៏ចំណាស់ដែលរងការបំផ្លិចបំផ្លាញខ្លាំងក្នុងសម័យសង្គ្រាម ក្រោមកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត។

ឯកឧត្តមបណ្ឌិតបន្ដថា ក្នុងកាលៈទេសៈសុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់ថា សមិទ្ធផលទាំងអស់ដែលកើតមានឡើង នឹងនៅបន្តឋិតថេរគង់វង្សរាប់ជំនាន់តទៅ នៅក្រោមស្ថិរភាពរឹងមាំ ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាការពារដាច់ខាតសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការក្នុងខេត្តព្រៃវែងទាំងមូល ដែលបានបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សានូវសន្តិសុខ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅធ្វើយ៉ាងណា បង្កលក្ខណៈដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរទ្បើងបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង