ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ណែនាំដាច់ខាតត្រូវការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពេលប្រកួតកីឡាអាស៊ីអាគេ្នយ៍លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រតិភូកីឡាទាំង១១ប្រទេស កីឡាករជាតិ-អន្តរជាតិ និងអ្នកគាំទ្រចូលរួមរាប់ម៉ឺននាក់ទៀត។ ការណែនាំយ៉ាងដាច់ខាតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគេ្នយ៍ លើកទី៣២ និង កីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ៦៤ឆ្នាំមកហើយ ទម្រាំខ្មែរបានក្លាយម្ចាស់ផ្ទះស៊ីហ្គេម យើងបានលះបង់ច្រើនណាស់ ហើយជោគជ័យដែលមានក្នុងថ្ងៃនេះ ដោយសារប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លៀសវាងវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងសូម អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ។
គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំចុងក្រោយខាងលើនេះ ក៏មានការចូលរួមពីលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕