អភិបាលខេត្តកណ្តាលណែនាំអភិបាលក្រុងសំពៅពូននិងស្រុកកោះធំត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល

កណ្តាល៖ អភិបាលខេត្តកណ្តាល ឯកឧត្ដម គង់ សោភ័ណ្ឌ «បានជំរុញណែនាំដល់គណៈអភិបាលក្រុង-ស្រុកកោះធំ និងសំពៅពូនដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ថ្នាក់លើ ត្រូវធ្វើជាគំរូ ត្រូវមានភាពស្មោះត្រង់ ត្រូវមានការទទួលខុសត្រូវខ្ពស់ និងត្រូវខិតខំបម្រើការពារមន្រ្តីក្រោមឱវាទនិងប្រជាពលរដ្ឋនៅមូលដ្ឋាន»

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់អស់លោក លោកស្រី ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។

«ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្តបានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំង អស់លោក លោកស្រី ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដឹកនាំឲ្យក្រុង-ស្រុកមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត និងជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ»។ នេះជាថ្លែងបញ្ជាក់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ។

ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នៃក្រុង-ស្រុកទាំងពីរ ត្រូវខិតខំរក្សាឲ្យបាននូវ សន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅធ្វើឲ្យស្រុកកោះធំ និងក្រុងសំពៅពូន អាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។

ទន្ទឹមគ្នានោះ ឯកឧត្តមអភិបាលបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងក្រុង-ស្រុកទាំងពីរ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍក្រុង-ស្រុកឲ្យសម្រេចបានសមិទ្ធផលនិងមានការរីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ដោយសារស្ថានភាពស្រុកកោះធំ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ទើបរាជរដ្ឋាភិបាលបានសម្រេចបំបែក និងបង្កើត ក្រុងសំពៅពូន នៃខេត្តកណ្តាល តាមរយៈអនុក្រឹត្យលេខ ២៦៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន០៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ, ឃុំព្រែកជ្រៃ, ឃុំព្រែកស្ដី, ឃុំជ្រោយតាកែវ និងឃុំសំពៅពូន ដើម្បីពន្លឿនការអភិវឌ្ឍ ក៏ដូចជាជួយសម្រួលលើការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

គួរជម្រាបជូនថា នៅរសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង គណៈអភិបាល នៃគណៈអភិបាលស្រុកកោះធំ និងគណៈអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល ដែលលោក អេង សុវិចិត្រ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន និងលោក ឆែ វណ្ណឌី ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកោះធំ៕

អត្ថបទដែលជាប់ទាក់ទង