នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារកិត្តិយស និង​សញ្ញាបត្របណ្ឌិតកិត្តិយស

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ សែម សម្ផស្ស សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបាន គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែល​សម្តេចតេជោទទួលបានដោយអង្គការ​ពុទ្ធសាសនិក​ពិភព​លោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា នៅពេលនេះគឺជាការទទួលស្គាល់ការលះបង់​ពេញមួយ​ជីវិត​របស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។

សញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែល​សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានដោយ​សាកល​វិទ្យា​ល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ីនៅពេលនេះ ដោយយោង​ទៅ​លើ​​ហេតុផលមួយចំនួនដូចខាងក្រោម៖

*១-សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជា​ចេញ​ពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេច​បាន​នូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា​ ត្រឡប់ទៅកាន់​ឆាក​សាកលលោកវិញ។សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបប​រាជានិយមនៅ​កម្ពុជា ប្រកប​ដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនា​រួមជាមួយកម្ម​វិធី​កសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ​ និងកសាងប្រទេស​ឡើង​វិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់​ និងសកល​លោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិប​តេយ្យ​រីកចម្រើន​រហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បី​ល្បាញ​​របស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាព​​ជាអ្នក​ដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។

*២-តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹង​អភិ​បាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជា​មួយ​នោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិប​តេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាស​ស្មើភាពគ្នា​សម្រាប់​ប្រជាជនកម្ពុជា។អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាព​អាច​សម្រេចទៅបានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចា ដោយបើកចំហរួមបញ្ចូល និងគោលនយោបាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និង​ស្វែង​រកដំណោះស្រាយជាតិដោយខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹម​តែ​ត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។

*៣-សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងវិស័យ​មនុស្ស​ធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជា​អាទិភាព​ចំពោះ​ជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យា​ស្រ័យឱ្យ​គ្នា​នៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា

*៤-ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេច​តេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជា​ប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង។ការផ្តល់សញ្ញា​បត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ ​សញ្ញា​បត្របណ្ឌិតកិត្តិយស គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង