សព្វថ្ងៃសមិទ្ធផលជាច្រើនបានកកើតដុះដាលនៅក្នុងទីអារាមជាទីគោរពសក្ការៈក្រោមបរិយាកាសនៃសន្តិភាព ស្ថិរភាព សេរីភាព និងជីវភាពសម្បូរសប្បាយរបស់ប្រជាពុទ្ធបរិស័ទ

 


ពោធិ៍សាត់៖ «សព្វថ្ងៃសមិទ្ធផលជាច្រើន រួមមាន ព្រះវិហារ, សាលាឆាន់, សារមន្ទីរ, ព្រះវិហារព្រះគោ-ព្រះកែវ, សាលាបាលី, ក្លោងទ្វារ និងរបងវត្ត ជាដើម បានកកើតដុះដាលនៅក្នុងទីអារាមជាទីគោរពសក្ការៈមួយនេះ ក្រោមបរិយាកាសនៃសន្តិភាព ស្ថិរភាព សេរីភាព និងជីវភាពសម្បូរសប្បាយរបស់ប្រជាពុទ្ធបរិស័ទ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា នៅវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់អះអាងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក។

ឯកឧត្តមបណ្ឌិតបានបន្តថា លើសពីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានផ្តោតទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមខិតខំកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀត នូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតប ក្នុងស្ថានភាពគ្រោះវិបត្តិ និងការបន្តកសាងអភិវឌ្ឍន៍ជាតិនៅមុខបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាព និងអនុមោទនាចំពោះការអភិវឌ្ឍរីកចម្រើនរបស់វត្តហ្លួង ដែលជាទីអារាមដ៏ចំណាស់ក្នុងដានប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមួយនឹងអាយុកាលប្រមាណជាង៥០០ឆ្នាំ ហើយបានឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រាប់ចាប់ពីដំណាក់កាលនៃជម្លោះ និងសង្គ្រាមបែកបាក់ រហូតដល់សម័យតេជោ ជាសម័យកាលនៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ដោយត្រូវដើរចៀសឲ្យផុតពីដានប្រវត្តិសាស្ត្រ នៃសង្គ្រាមបែកបាក់រវាងខ្មែរ និងខ្មែរ ហើយរួមគ្នាជាកម្លាំងមហាសាគ្គី ក្នុងការកសាងអភិវឌ្ឍជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិ ឲ្យកាន់តែខ្ពង់ខ្ពស់ និងល្បីខ្ទរខ្ទារទូទាំងសាកលលោក។

ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឱ្យវេញបញ្ចូលគ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែង ដើម្បីលើកកម្ពស់សច្ចភាព, សុច្ចរិតភាព, កុសលធម៌ ក៏ដូចជាគោលការណ៍សីលធម៌-គុណធម៌ និងការគោរពស្រឡាញ់ ឲ្យតម្លៃគ្នាទៅវិញទៅមក ដែលការណ៍នេះ គឺជាភាពចាំបាច់ និងមិនអាចខ្វះបានក្នុងនៅក្នុងសង្គមរស់នៅមួយប្រកបដោយភាពសុខដុមរមនាសម្រាប់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង