ម្ចាស់ផ្សារហនុមានបញ្ជាឱ្យកូនចៅយកសំរាមចាក់ចោលកណ្ដាលក្រុងអរិយក្សត្រត្រូវបានអាជ្ញាធរកោះហៅអប់រំ ធ្វើកិច្ចសន្យា
កណ្តាល៖ ម្ចាស់ផ្សារហនុមាន ហៅផ្សារអរិយក្សត្រ នៅតែបញ្ជាឱ្យកូនចៅយកសំរាមមកចាក់ចោលកណ្ដាលក្រុងអរិយក្សត្រ ទោះបីជាលោក ចាន់ តារា អភិបាលក្រុងធ្លាប់បានចុះទៅពិនិត្យ និងណែនាំម្ដងជាពីរដងរួចមកហើយក៏ដោយ។ នេះបើតាមប្រភពពីលោក ចាន់ តារា អភិបាលក្រុងដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
លោក ចាន់ តារា បានបន្តថា នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣តាមការបញ្ជាក់របស់អ្នកដែលដឹកសំរាមយកមកចោលថា មេផ្សារហនុមាន ហៅផ្សារអរិយក្សត្រ ជាអ្នកឱ្យយកមកចោល។
លោកអភិបាលក្រុងបានគូសបញ្ជាក់ថា ទីតាំងខាងលើនេះគឺស្ថិតនៅកណ្ដាលក្រុងអរិយក្សត្រ ដែលកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងមន្ត្រី-អាជ្ញាធរដែលពាក់ព័ន្ធបានចុះទៅពិនិត្យ និងហាមឃាត់មិនឲ្យបងប្អូនប្រជាពលរដ្ឋយកសំរាមមកចាក់ចោលបន្តទៀតនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថានទាំងមូល រួមទាំងមុខមាត់ក្រុងអរិយក្សត្រថ្មីនេះផ្ទាល់តែម្តង។
លោក ចាន់ តារា បានបញ្ជាក់ទៀតថា នេះគឺជាទង្វើដែលមិនចូលរួមអនុវត្តតាមការណែនាំ និងចូលរួមចំណែកថែរក្សាបរិស្ថាននៅក្នុងមូលដ្ឋាននោះឡើយ៕