កីឡាការិនីកម្ពុជា ស្រួង ភាវី ប្រកាសយកថវិកាទាំងអស់ដែលទទួលបានពីការប្រកួតស៊ីហ្គេម២០២៣ ចូលមូលនិធិ​សប្បុរសធម៌​ទាំង​អស់​

ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី បន្ទាប់ពីយកបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង ជូនជាតិមាតុភូមិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កាលពីពេលថ្មីៗនេះ ប្រកាសយកថវិកាទាំងអស់ដែលទទួលបានពីការប្រកួតស៊ីហ្គេម២០២៣ចូលមូលនិធិ​សប្បុរសធម៌​ទាំង​អស់​។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានពីទំព័រហ្វេសប៊ុកកីឡាការិនី ស្រួង ភាវី នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

បើតាមកីឡាការិនី ស្រួង ភាវី បានលើកឡើងនៅលើទំព័រហ្វេសប៊ុកថា រាល់​​ថវិកាដែលគាត់ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ ក្នុងការប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ ច្រើន​ក្ដី​ គឺគាត់ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់​។

កីឡាការិនី ស្រួង ភាវី បានបន្តទៀតថា ហើយ​តាម​ពិត​ទៅ គាត់មិន​មែន​ជា​មាន​ទ្រព្យ​ធន​ច្រើន​អី​ទេ​ តែគាត់ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ រាល់​សកម្មភាព​ពី​មុន​ និង​ឥឡូវ​ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល​ ក្នុង​ការ​ជួយ​ដល់​ប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​ក្រេប​យក​ចំណេះ​ដឹង​ទៅ​អនាគត​។

កីឡាការិនី ស្រួង ភាវី បានគូសបញ្ជាក់ថា គាត់ផ្ទាល់​ទាំង​បេះដូង​និង​​អាយុ​ជីវិត​គឺ គាត់លះបង់​ដេីម្បី​កម្ពុជា…អរគុណពុកម៉ែបងប្អូនណាស់៕

អត្ថបទដែលជាប់ទាក់ទង