ផ្ទះត្រចៀកកាំអត់ច្បាប់មួយកន្លែងនៅស្រុកកណ្ដាលស្ទឹងសង់បាន៤ជាន់ហើយខណៈចៅហ្វាយស្រុកកណ្តាលស្ទឹងមិនមានចំណាត់ការ

កណ្តាល៖ ផ្ទះត្រចៀកកាំអត់ច្បាប់មួយកន្លែងនៅស្រុកកណ្ដាលស្ទឹងបាននឹងកំពុងសាងសង់យ៉ាងសកម្ម ពេលនេះសង់បាន៤ជាន់ហើយ ខណៈលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងមិនមានចំណាត់ការ បើទោះបីជាប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងជំទាស់ក៏ដោយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

បើតាមពាក្យបណ្តឹងបានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ធ្លាប់បានដាក់បណ្ដឹងទៅកាន់លោកប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ម្ដងរួចមកហើយ សុំប្ដឹងជំទាស់ការសាងសង់ផ្ទះត្រចៀកកាំដែលមានទីតាំងជាប់របងផ្ទះរបស់គាត់ដែលអាចបណ្ដាលឲ្យមានសំលេងរំខាន ប៉ះពាល់ក្លិន និងប៉ះពាល់ដល់បរិស្ថាន។

ម្ចាស់ពាក្យបណ្ដឹងបានបញ្ជាក់ថា ក្នុងករណីសាងសង់ផ្ទះសំរាប់ស្នាក់នៅធម្មតា លោកមិនជំទាស់លើការសាងសង់នោះទេ ដែលមានទីតាំងនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោក សុខ វណ្ណៈ បានឲ្យដឹងទៀតថា ឥឡូវផ្ទះត្រចៀកកាំដែលបានកំពុងសាងសង់នៅក្បែរផ្ទះរបស់គាត់ឡើងបានជាន់់ទី៤ហើយ។ លោកបន្តថា លោកបានដាក់ពាក្យបណ្ដឹងទៅស្រុកកណ្ដាលស្ទឹងអស់អាលីងហើយ ឥឡូវហ្នឹងមិនដឹងគិតយ៉ាងណាយ៉ាងណីទេ អត់មានអ្នកណាធ្វើការសោះ[…]ឥឡូវខ្ញុំធ្វើពាក្យបណ្តឹងផ្ញើទៅឯកឧត្ដមអភិបាលខេត្តហើយទៀត ព្រោះស្រុកអត់ធ្វើការផង។

ទាក់ទិនករណីខាងលើ លោក សុខ វណ្ណៈ បានបញ្ជាក់ថា លោកបានទៅជួបខាងភូមិបាលស្រុកកណ្តាលស្ទឹងដោយប្រាប់ថាមានគេសាងសង់ផ្ទះត្រចៀកកាំប៉ះពាល់ដល់ផ្ទះរបស់គាត់និងជាប់របងផ្ទះរបស់គាត់ ប៉ុន្តែខាងភូមិបាលស្រុកមិនទទួលពាក្យបណ្ដឹងសោះ និងបានឆ្លើយតបថា គាត់អត់ដឹងទេ ឲ្យតែគេដាក់ពាក្យសុំសាងសង់ត្រឹមត្រូវគឺឲ្យសង់ហើយ៕ដោយ៖ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង