ចៅសង្កាត់រងរមនាស្រវឹងស្រាទាញកែវគប់អ្នកផឹកស៊ីជាមួយគ្នារយះក្បាលរបួសធ្ងន់

មណ្ឌលគិរី៖ ចៅសង្កាត់រងរមនាម្នាក់បានប្រើអំពើហិង្សាដោយទាញកែវស្រាគប់ទៅលើបុរសចំណាស់ម្នាក់ជាជនជាតិព្នងអ្នករួមតុផឹកស៊ីជាមួយគ្នាបណ្ដាលឲ្យរយះក្បាលរងរបួសធ្ងន់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្តថា កាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ មានកម្មវិធីជួបជុំផឹកស៊ីមួយនៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតនៅភូមិពូត្រុំក្រុម១ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីដោយមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនាយ៉ាងសប្បាយក្អាកក្អាយរីករាយយ៉ាងពន់ពេកក្រៃ។ ប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែមានការទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធីនិងបុរសម្នាក់មានតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃករវាងលោកចៅសង្កាត់រងនិងបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន នៅសង្កាត់រងសង្កាត់រមនាខឹងទាញកែវស្រាគប់ទៅ លើឈ្មោះ ជ្រាង ណើប ភេទ ឮប្រុស អាយុ៦៣ឆ្នាំ បណ្ដាលឱ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខ។

ប្រភពព័ត៌មានដដែលបន្តថា ជនរងគ្រោះមានឈ្មោះ ជ្រាង ណើប ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិព្នង មុខរបរមន្ត្រីចូលនិវត្ត៍មានទីលំនៅ ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី។ រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ព្នង មុខរបរ ចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបន្ថែមថា ករណីអំពើហិង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនចាប់ខ្លួនលោក ហួរ ណារិន បញ្ជូនទៅចាត់ការតាមច្បាប់នោះដែរ។

ទាក់ទិនករណីខាងលើមានប្រជាពលរដ្ឋបានលើកឡើងថា តើមូលហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការចំពោះករណីហិង្សានេះ ឬមួយខ្លាចអំណាចលោក ហួរ ណារិន ចៅសង្កាត់រងរមនានោះ។

ទោះបីជាយ៉ាងណាក៏ដោយ មហាជនសង្ឃឹមថា អាជ្ញាធរខេត្តមណ្ឌលគីរីនឹងជួយរកយុត្តិធម៌ដល់ជនរងគ្រោះជាមន្ត្រីដែលបម្រើជាតិរហូតចូលនិវត្តន៍។ជៀសវាងមហាជនរិះគន់ថា អាជ្ញាធរប្រើអំពើហិង្សាយ៉ាងឃោឃៅហើយបែរជាច្បាប់អត់ចាត់ការ៕ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង