សមាគមព័ត៌មានអនឡាញកម្ពុជាគាំទ្រចំពោះសេចក្តីសម្រេចការបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន របស់គជប គឺផ្អែកលើទិដ្ឋភាពផ្លូវច្បាប់សុទ្ធសាធមិនជាប់ពាក់ព័ន្ធជាមួយបញ្ហានយោបាយនោះឡើយ

ភ្នំពេញ៖ សមាគមព័ត៌មានអនឡាញកម្ពុជា សូមសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតលេខ ២៣៣ គ.ជ.ប.ស.ស.រ. ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្តីពី ការបដិសេធការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ដោយមូលហេតុគណបក្សភ្លើងទៀនពុំបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

សមាគមព័ត៌មានអនឡាញកម្ពុជា បានមើលឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុវត្តនីតិវិធី យ៉ាងត្រឹមត្រូវ ច្បាស់លាស់ ស្មើភាព មានស្ដង់ដារតែមួយ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួម ប្រកួតប្រជែងការបោះឆ្នោត ដោយត្រូវអនុវត្តដូចៗគ្នាទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីច្បាប់ដែលបានចែង។

សមាគមព័ត៌មានអនឡាញកម្ពុជាក៏មានការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលមិនបានយកចិត្តទុក ដាក់បំពេញបែបបទស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។

ជាមួយគ្នានេះដែរ សមាគមព័ត៌មានអនឡាញកម្ពុជា ក៏មានការសោកស្តាយផងដែរ ដែលគណបក្សភ្លើងទៀន បានធ្វើការគម្រាមទៅលើគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ ក្នុងការប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិប្រឆាំងទៅនឹងការអនុវត្តនីតិវិធីច្បាប់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងនាមសមាគមព័ត៌មានអនឡាញកម្ពុជា សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ទាំងអស់ ប្រជាពលរដ្ឋ គ្រប់ស្រទាប់ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ជៀសវាងការប្រើប្រាស់រូបភាពបាតុកម្ម ឬការគម្រាម កំហែងណាមួយ៕

អត្ថបទដែលជាប់ទាក់ទង