ស្ត្រីជាកម្មករម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកនៅខេត្តកំពត

កំពត៖ ស្ត្រីជាកម្មករម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកកាលពីវេលាម៉ោង១១​និង​១៥​នាទីព្រឹក ថ្ងៃទី២០​ ខែ​ ឧសភា​ ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៤ និង១២៥ ស្ថិតនៅភូមិល្អាង​ ឃុំល្អាង​ ស្រុកដងទង់​ ខេត្តកំពត​ ទិសដៅបញ្ជ្រាស់គ្នាពីកើតទៅលិច។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្តថា សពជនរងគ្រោះឈ្មោះ សែម​ គឹមភស្ស ភេទស្រី​ អាយុ ៣៧ឆ្នាំ រស់នៅភូមិល្អាង​ ឃុំល្អាង ស្រុកដងទង់​ ខេត្តកំពត បើកម៉ូតូម៉ាក HONDA DREAM សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត១E-៧៨៦៥ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកេីតហេតុ ដោយបានធ្វេីដំណេីរពីទិសខាងលិចទៅទិសខាងកេីត។

ប្រភពព័ត៌មានបន្ថែមថា លុះមកដល់ចំណុចកេីតហេតុ មានររថយន្ត១គ្រឿងម៉ាក TRITON ពណ៌ស ពាក់ផ្លាកលេខរដ្ឋ (១៧) ២-០៥៤០ បានបេីកវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលមានទិសដៅស្របគ្នា ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលមានទិសដៅផ្ទុយចំផ្នែកខាងមុខនៃរថយន្តបេីកបរដោយឈ្មោះ ហ៊ុយ​ វ៉េង​ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិដេីមម៉ាក់ក្លឿ​ សង្កាត់ច្បាអំពៅ១​ ខខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទិសដៅពីកើតទៅលិចមានប័ណ្ណបើកបរ មិនមានរងរបួសនោះទេ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ហើយ។

ចំពោះការខូចខាតសម្ភារៈរួមមាន៖ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់, ម៉ូតូខូចខាតកម្រិតធ្ងន់ចំនួន១គ្រឿង,និងរថយន្តមានការខូចខាតកម្រិតស្រាលចំនួន១គ្រឿង។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ចំពោះសាកសពត្រូវបានសមត្ថកិចុចប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង