កុមារកំព្រានិងបុគ្គលិកនៅក្នុងមណ្ឌលស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមបានសាទរ និងដឹងគុណដល់អភិបាលខេត្តកណ្ដាលដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់!

កណ្ដាល៖ នៅក្នុងមណ្ឌលស្នាមញញឹមថ្មី នៃក្ដីសង្ឃឹម ដែលមានទីតាំងស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមានកុមារសរុបចំនួន៩៦នាក់ ក្នុងនោះស្រី៥១នាក់និងមានបុគ្គលិកសរុបចំនួន១៣នាក់ដែលមានអាគារស្នាក់នៅកំពស់២ជាន់ មាន ១៧បន្ទប់ សាលារៀន១ខ្នង និងរោងបាយ១ខ្នង។ នេះបើតាមប្រភពព័ត៌មានពីលោក បេន សុផល ប្រធានសមាគមន៍ស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ និងលោក ប៉ូ ស្រីគង់ ជាអនុប្រធានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

បើតាមលោក បេន សុផល ប្រធានមណ្ឌលស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមបានឲ្យដឹងទៀតថា ជារើយៗ ក្រោមភាពឈ្លាសវៃប្រកបដោយភាពប៉ិនប្រសព្វនិងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាលត្រូវបានបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាលអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជាពិសេសទៅទៀតគឺកុមារកំព្រានិងបុគ្គលិកនៅក្នុងមណ្ឌលតែម្ដង។

លោក បេន សុផល បានបន្ថែមទៀតថា ជារៀងរាល់ថ្ងៃលោកបានចាត់ចែងផ្ដល់នូវអាហារសម្រាប់ក្មេងៗចំនួនបីពេលគឺពេលព្រឹក មុនពេលទៅរៀន, ថ្ងៃត្រង់ និងពេលល្ងាច ដោយត្រូវចំណាយអស់ទឹកប្រាក់ចំនួន៦០ដូល្លាអាមេរិចក្នុងមួយថ្ងៃៗ។ លោកបន្តថា មិនតែប៉ុណ្ណោះលោកត្រូវចាត់បុគ្គលិកឲ្យពិនិត្យតាមដានមើលជាប្រចាំចំពោះសុខភាពរបស់ពួកគាត់ថែមទៀតផង ខ្លាចក្រែងឈឺស្កាត់ដោយប្រការណាមួយ។

លោកបានឲ្យដឹងទៀតថា ម្យ៉ាងវិញទៀតលោកត្រូវចំណាយប្រាក់ទិញរថយន្ដ ដើម្បីដឹកជញ្ជូនកូនៗឲ្យទៅរៀននៅឯសាលារដ្ឋ និងដឹកមកវិញ គឺមិនបណ្ដែតបណ្ដោយឲ្យពួកគាត់ដើរឆ្វេចឆ្វាចឡើយ។

បើតាមកុមារីម្នាក់ឈ្មោះ ស្រៀង ចាន់ណា អាយុ ១៨ឆ្នាំ បានរៀនសូត្រដល់សកលវិទ្យាល័យឆ្នាំទី១បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរស់ក្នុងមណ្ឌលកុមារកំព្រានេះតាំងពីនាងមានអាយុ១ខួបមកម្លេះ រហូតដល់នាងមានវ័យ១៨ឆ្នាំនេះ នាងត្រូវបានលោកពុកទីពី២ បេន សុផល និងអ្នកម្ដាយ ប៉ូ ស្រីគង់ បានផ្គត់ផ្គង់ មើលថែ ឲ្យហូបគ្រប់គ្រាន់ និងបានរៀនសូត្ររហូតដល់សកលវិទ្យាល័យថែមទៀតផង៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង