ក្រសួងបរិស្ថានកត់សម្គាល់ថាបណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ»
ភ្នំពេញ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។
ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុប ឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិ កម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕