ព្រែកកំពតត្រូវបានគេលួចបង្ហូរទឹកលូស្អុយចូលជាច្រើនកន្លែង ខណៈអាជ្ញាធរមិនទាន់មានដំណោះស្រាយ
កណ្តាល៖ មិនហ៊ានផុសពេលសុីហ្គេម ខ្លាចគេថាវៃប្រហារការរៀបចំរបស់អាជ្ញាធរ ខ្ញុំគ្មានពាក្យរិះគន់ទេ មានតែពាក្យសរសើរលើកទឹកចិត្ត ព្រោះខ្ញុំពិតជាគិតថាពួកគាត់ធ្វើបានល្អណាស់។ តែខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអ្វីនៅតែគ្មានដំណោះស្រាយការបង្ហូរលូទឹកស្អុយចូលទៅក្នុងព្រែកកំពត? ការរៀបចំឆ្នេរកំសាន្តតាមព្រែកកំពតពិតជាធ្វើបានល្អ ទាស់តែត្រង់លូទឹកស្អុយហ្នឹងតែម្តង។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sidavine Sun ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sidavine Sun បានបន្តថា ពីក្មេង ខ្ញុំធ្លាប់ងូតទឹកព្រែកនេះស្ទើរតែរាល់ថ្ងៃ ឥឡូវកុំថាតែលាងជើងក៏មិនចង់ហ៊ានផង។ ថ្ងៃសុីហ្គេម ប្រណាំងទូកនៅខាងត្បូងវេទិការគណកម្មការ ចំហាយស្អុយខ្លាំងជះមកលើអ្នកមកមើលប្រណាំងទូក ខ្ញុំលឺជនបរទេសមួយចំនួនសម្តែងពាក្យសោកស្តាយថា ព្រែកដ៏ស្រស់ស្អាតដែលគួរឲ្យចង់ហែលតែមិនអាចហែលបាន។ ល្ងាចឡើង ដើរលេងតាមមាត់ព្រែកស្រូបខ្យល់បរិសុទ្ធលែងបាន ធំក្លិនតែលូ។ នេះជាសម្តីប្រជាពលរដ្ឋម្នាក់តែប៉ុណ្ណោះ ខ្ញុំអត់មានបក្សណាទេ មិនដែលទៅបោះឆ្នោតផង។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sidavine Sun បានបញ្ជាក់ថា លូទឹកស្អុយមានច្រើនកន្លែងតាមបណ្តោយឆ្នេរខាងកើតព្រែក ឯខាងលិចមិនបាច់និយាយទេ កាន់តែយ៉ាប់ សឹងតែគ្រប់ផ្ទះបង្ហូរចូលទាំងអស់។ ខែវស្សាហូរទៅសមុទ្រ ខែប្រាំងហូរទៅទឹកឈូរ បែកវ៉ល់ពេញហ្នឹង។ អ្នកដើរលេងរកតែរីស៊តតាមមាត់ព្រែក ហក់ទឹកព្រោងៗ សប្បាយមាំហាស់ ខ្ញុំចង់សប្បាយដែរ តែទៅអត់រួច៕