ការប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ គឺជាឱកាសដ៏ប្រពៃ ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ

កណ្ដាល៖ «ការប្រារព្ធទិវានេះ គឺជាឱកាសដ៏ប្រពៃ ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ»

ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឲ្យប្រទេសជាសមាជិករៀបចំ នៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតី យកចិត្តទុកដាក់ទប់ស្កាត់ ឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន៕

អត្ថបទដែលជាប់ទាក់ទង