សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែង ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍និងត្រូវផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ

កណ្ដាល៖ «សមត្ថកិច្ចជាពិសេសនគរបាលរាចរណ៍ត្រូវខិតខំប្រឹងប្រែង ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវតែផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងហេតុការណ៍ដែលកើតឡើង»។ នេះបើតាមប្រសាសន៍ណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រារព្ធពិធីទិវាស​ប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានណែនាំយ៉ាងដូច្នេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន បានសួរពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីពេលកន្លងទៅ បណ្ដាលឲ្យមានទារកម្នាក់ស្លាប់ និងមនុស្សពីរនាក់ទៀតរបួសធ្ងន់ដែលអ្នកបង្កមានសភាពស្រវឹងជោគជាំកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារ ដោយមកទល់ពេលនេះ អ្នកបង្កមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ។

ក្នុងកិច្ចសម្ភាសន៍នោះសម្ដេចក្រឡាហោមបានលើកឡើងថា «ហេតុការណ៍ដែលកើតឡើងនៅកន្លែងមួយ សមត្ថកិច្ចនៅកន្លែងនោះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយផ្ដល់យុត្តិធម៌ឲ្យអ្នករងគ្រោះ»។ សម្ដេចបន្តថា ក្នុងករណីបង្កឲ្យអ្នកដទៃស្លាប់ និងរបួស ហើយរត់គេចខ្លួន ជនបង្កគឺច្បាស់ជាទទួលទោសធ្ងន់។

សូមរំលឹកថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ ដែលស្ថិតក្នុងស្ថានភាព ស្រវឹង ហើយបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យទារកអាយុ៦០ថ្ងៃម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញផងដែរ។ ហើយអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសំណុំរឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើជនបង្ក គ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។

ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ» ប្រព្រឹត្តនៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកនឹងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃបណ្ដាលឲ្យស្លាប់៕

អត្ថបទដែលជាប់ទាក់ទង