បើកម៉ូតូវ៉ាជែងអត់ប្រយ័ត្នជ្រុលទៅបុករថយន្តព្រូសពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម(មានVideo)

ព្រៃវែង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើកម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាក់ព្រូស បុកនឹងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាកាលពីវេលាម៉ោង១៩ និង២៥នាទីយប ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ8Aស្ថិតនៅភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ភឿន ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង១T ៤១៩៧ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង២AQ២០២០បើកបរដោយឈ្មោះ ហួរ ផល្លា ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិចំបក់មាស ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីមន្រ្តីជំនាញនគរបាលចរាចរណ៍ស្រុកស្វាយអន្ទរបានសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យយុវជនម្នាក់បាត់បង់ជីវិត គឺមូលហេតុ អ្នកបើកបរម៉ូតូឡើងវ៉ាជែងហើយបំពានទៅគន្លងខាងស្តាំ ដោយខណៈពេលនោះរថយន្តព្រូសដែលធ្វើដំណើរទិសដៅបញ្រ្ចាសទិសគ្នា ទើបបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង រីឯរថយន្តម៉ាកព្រុសខូចខាតមួយចំហៀងមុខ។

ក្រោយពីកើតហេតុ កម្លាំងផ្នែកចរាចរណ៍ស្រុកស្វាយអន្ទរ បានអន្តរាគមន៍ ដោយបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តជាបណ្តោះអាសន្ន ទៅអធិការនគរបាលស្រុកស្វាយអន្ទរ ចំណែកវត្ថុតាង រថយន្ត និងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ។ ដោយឡែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង