សមាគមព័ត៌មានអនឡាញកម្ពុជាសេចក្តីថ្លែងការណ៍គាំទ្រសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធចោលពាក្យបណ្ដឹង របស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធចោលពាក្យបណ្ដឹងរបស់គណបក្សភ្លើងទៀន។
លោក ហ៊ាង ប៊ុនថា បានថ្លែងថា សមាគមព័ត៌មានអនឡាញកម្ពុជាជាសមាគមមួយដែលបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសលើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ ក៏ដូចជារួមចំណែកលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយមិនតែប៉ុណ្ណោះ សមាគមព័ត៌មានអនឡាញកម្ពុជា តែងតែបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ព្រមទាំងការបដិសេធកន្លងមករបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងបានបន្តនីតិវិធីរហូតមកដល់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏បានបដិសេធចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើខុសនឹងគតិច្បាប់។
លោក ហ៊ាង ប៊ុនថា បន្តថ្លែងថា យើងខ្ញុំសូមសម្តែងការគាំទ្រ ចំពោះសេចក្តីសម្រេចបដិសេធរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះពាក្យបណ្តឹងរបស់ គណបក្សភ្លើងទៀន ដោយយោងលើពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គឹមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ ប៉ុន្តែបដិសេធចោល ដោយខុសនឹងគតិច្បាប់។ យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលបានអនុវត្តនីតិវិធីយ៉ាងត្រឹមត្រូវ ច្បាស់លាស់ ស្មើភាព និងមានស្តង់ដារតែមួយ ចំពោះគ្រប់គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយត្រូវតែអនុវត្តដូចៗគ្នាទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីច្បាប់ដែលបានចែង។
លោក ហ៊ាង ប៊ុនថា បានថ្លែងបន្ថែមទៀតថា សមាគមព័ត៌មានអនឡាញកម្ពុជា ក៏មានការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលមិនបានយកចិត្តទុកដាក់បំពេញបែបបទស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន និងបានព្យាយាមបង្កបញ្ហាជាច្រើនលើកច្រើនសារ ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការ និងបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលគណបក្ស នយោបាយដទៃទៀត បាននិងកំពុងអនុវត្តតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឆាប់ៗនេះ៕