បណ្ឌិត សាម អុីន៖ មិនមែនចង់អួតអំពីសញ្ញាបត្របណ្ឌិត ម្តងហើយម្តងទៀតទេ តែចង់ប្រាប់រឿងផ្សេងផងដែរ

ភ្នំពេញ៖ «មិនមែនចង់អួតអំពីសញ្ញាបត្របណ្ឌិត ម្តងហើយម្តងទៀតទេ តែចង់ប្រាប់រឿងផ្សេងផងដែរ[…]បង្ហាញរូបភាពនេះមិនមែនចង់អួតអំពីសញ្ញាបត្រទើបទទួលបានថ្មីៗទេ។ នេះជាការបញ្ជាក់ទទួលស្គាល់ពីក្រសួងអប់រំ ទៅលើសញ្ញាបត្រថ្នាក់បណ្ឌិត ដែលលោកបានរៀនចប់កាលពីចុងឆ្នាំ ២០០២ នៅប្រទេសអាល្លឺម៉ង់»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សាម អុីន នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៣ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃនេះ។

លោកបណ្ឌិត សាម អុីន បានបន្តថា តាមពិតលោកគួរតែស្នើសុំបញ្ជាក់សញ្ញាបត្រនេះ តាំងពីលោកវិលត្រលប់មកស្រុកខ្មែរវិញ កាលពីដើមឆ្នាំ២០០៣ មកម៉្លេះ តែដោយសារគិតថា មិនចាំបាច់ ពីព្រោះស្ថាប័នអង្គការ ដែលខ្ញុំធ្វើការបានទទួលស្គាល់សញ្ញាបត្រនេះហើយ។

លោកបណ្ឌិតបន្ថែមថា ឥឡូវចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ លោកយល់ថា ជារឿងចាំបាច់សម្រាប់ខ្លួនឯងផង និងសម្រាប់រាជរដ្ឋាភិបាលផង ក្នុងការស្រង់ទិន្នន័យអំពីធនធានមនុស្សក្នុងប្រទេស ដែលបានបញ្ចប់សញ្ញាបត្របណ្ឌិត អនុបណ្ឌិត និងបរិញ្ញា។

លោកបណ្ឌិត សាម អុីន បន្តទៀតថា បើលោកអ្នកចង់ស្នើសុំបញ្ជាក់សញ្ញាបត្រ បណ្ឌិត អនុបណ្ឌិត ឬបរិញ្ញា ពីក្រសួងអប់រំ លោកអ្នកអាចទៅទាក់ទងនាយកដ្ឋានឧត្តមសិក្សា ស្ថិតនៅកែងផ្លូវនរោត្តម និងផ្លូវ៣១០ បឹងកេងកង១ ដោយអាច scan download យកពាក្យស្នើសុំ និងលេខទំនាក់ទំនង សម្រាប់ផ្ញើពាក្យស្នើសុំ ដែលបំពេញរួច ដោយផ្គុំជា PDF file តែមួយ រួចហើយបញ្ជូនតាមប្រព័ន្ធឌីជីថល (telegram) ជាការស្រេច។ លោកផ្ញើពាក្យស្នើសុំនៅថ្ងៃទី ១០ ឧសភា ២០២៣ ហើយទទួលបានលិខិតបញ្ជាក់ ដែលចុះហត្ថលេខាដោយ ឯ.ឧ រដ្ឋមន្រ្តី ក្រសួងអប់រំ នៅថ្ងៃទី ២៣ ឧសភា ដោយមិនមានការបង់ថ្លៃអ្វីឡើយ។

លោកបណ្ឌិតបានបន្តយ៉ាងនេះទៀតថា អ្វីដែលលោកចង់បញ្ជាក់បន្ថែម គឺថា ចំណេះដឹង និងបទពិសោធន៍របស់យើងមិនកើតចេញតែពីការខំប្រឹងរៀនបានសញ្ញាបត្រខ្ពស់ៗនោះទេ តែអ្វីដែលសំខាន់ជាងនេះ គឺការខំប្រឹងរៀនជាប្រចាំ ក្នុងពេលបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ តាមរយៈការអាន ការស្តាប់ ការពិភាក្សា ចូលវគ្គបណ្តុះបណ្តាល និងការសង្កេតពីការងារជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង