អភិបាលខេត្តតាកែវណែនាំមន្រ្តីមូលដ្ឋានត្រូវបន្តបម្រើ ពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានឃុំសន្លុង និងឃុំប្រាំបីមុំ ស្រុកទ្រាំង ជាមួយលោកមេឃុំ ភូមិ យុវជន ភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ សសរុបចំនួន ១៧២នាក់។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានាដែលលើកឡើងដោយលោកមេឃុំសន្លុង និងឃុំប្រាំបីមុំ ស្រុកទ្រាំងរួចមក ឯកឧត្តមសូមសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ថវិកា ផ្ទាល់ខ្លួន បម្រើបងប្អូនប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា បានណែនាំនិងក្រើនរំលឹកដល់មន្រ្តីមូលដ្ឋានភូមិឃុំត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។ ឯកឧត្តមបន្តថា ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាព និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសម្របសម្រួលបញ្ហាវិវាទ ក្រៅប្រព័ន្ធតុលាការ។

ទន្ទឹមគ្នានោះ ឯកឧត្តម អ៊ូច ភា បានបន្តណែនាំដល់មន្រ្តីមូលដ្ឋានភូមិឃុំឲ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការយកចិត្តទុកដាក់ការព្យាបាលសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមានអកប្បកិរិយាល្អចំពោះអ្នកជំងឺផងដែរ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ឪពុកម្តាយឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការអប់រំទូន្មានកូនសិស្ស កូនរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់បន្តវេណនាថ្ងៃអនាគត់៕

អត្ថបទដែលជាប់ទាក់ទង