ក្រោមការដឹកនាំដ៏ឈ្លាសវាងវៃរបស់សម្តេចតេជោបានធ្វើឲ្យកម្ពុជាឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាពនិងជោគជ័យជាបន្តបន្ទាប់

ភ្នំពេញ៖ «ក្រោមការដឹកនាំដ៏ឈ្លាសវាងវៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាពនិងជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះកម្ពុជាទាំងមូល មានមោទនភាពខ្លាំងបំផុត ដែលសម្តេចបានដឹកនាំប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្រ្ត ស៊ីហ្គេម៦៤ឆ្នាំ ទទួលបានការភ្ញាក់ផ្អើលនិងការកោតសរសើរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ កក្រើកពិភពលោក»។នេះជាការលើកឡើងរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស ភូមិព្រែកកំពឹស និងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន ៨០នាក់ នៅបរិវេណសាលាបុណ្យភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

នាឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្តថា ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជាជនកម្ពុជា នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយសម្តេចតេជោ ជាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ សម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧ មករា ១៩៧៩។

ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្នុងពិធីនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវ អាហារសម្រន់ និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាល ព្រមទាំងបាននាំយកខោអាវកីឡាប្រគល់ជូនដល់មេភូមិទាំង០២ ដើម្បីយកទៅចែកជូនដល់កុមារចាប់ពីអាយុ០២ឆ្នាំ រហូតដល់យុវនិស្សិតដែលកំពុងសិក្សា គ្រប់ក្រុមគ្រួសារ ដោយមិនប្រកាន់និន្នាការនយោបាយ សរុបមានចំនួន ១,១៣០កំប្លេផងដែរ៕

អត្ថបទដែលជាប់ទាក់ទង