ទីលានទុកដាក់សំរាមខ្នាតធំនៅខេត្តកំពត នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ
កំពត៖ «ទីលានទុកដាក់សំរាមខ្នាតធំនៅខេត្តកំពត នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅក្នុងតំបន់ និងតំបន់ជុំវិញទីតាំងទុកដាក់សំរាមនេះ ជាពិសេសការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុលបំផ្លាញបរិស្ថានផងដែរ។ ទីលានទុកដាក់សំរាមនេះនិងការរៀបចំប្រពន្ធចម្រោះទឹកកខ្វក់ ក៏ជាគោលនយោបាយមួយដ៏សំខាន់ ក្នុងការថែទាំសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ»។នេះជាការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាមក្នុងកំពតនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា សមិទ្ធផលទាំងនេះគឺបានមកដោយកត្តាសុខសន្តិភាព ដែលជាកត្តាមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានក្នុងការកសាងប្រទេសជាតិ មាតុភូមិ ហើយបើគ្មានសុខសន្តិភាព គ្មានរាជរដ្ឋាភិបាលដែលដឹកនាំដ៏ត្រឹមត្រូវ ក៏មិនមានឱកាសដែលទាក់ទាញអ្នកវិនិយោគមកដាក់ទុកនៅកម្ពុជា ដើម្បីបានបង្កើនការងារជូនប្រជាពលរដ្ឋធ្វើ ហើយបើគ្មានសុខសន្តិភាពរាជរដ្ឋាភិបាលក៏គ្មានឱកាសទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបានដែរ។ឯកឧត្តមបន្ថែមថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព ដែលបានអនុញ្ញាតឱ្យមានការសិក្សាសមិទ្ធិលទ្ធភាព ការសាងសង់/ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាបន្តបន្ទាប់ដូចជា ការលើកកម្រិតគុណភាពផ្លូវជាតិ/ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង គម្រោងថ្មីៗជាច្រើនទៀត។
ក្នុងពិធីនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរម្លឹកដល់ប្រជាពលររដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យគណបក្សប្រជាជនបានបន្កបំរើប្រជាពលរដ្ឋ និងបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ដែរថា ទីលានទុកដាក់សំរាមខេត្តកំពតនេះសាងសង់អស់ថវិកា ៣.៣៧២.៥១៤ ដុល្លារអាមេរិក ចាប់ផ្ដើមការងារសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ និងបញ្ចប់ការងារសាងសង់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ទីតាំងគម្រោងស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ កន្លែងទុកដាក់សំរាម ត្រូវបានរចនាឡើងជាពីរណ្ដៅ ដែលមានទំហំមាត់រណ្ដៅប៉ុនគ្នា ៨០ម x ១៧០ម ជម្រៅ ៣ម ត្រូវជា ១,៣៦ ហិកតា ។ តាមផែនការរណ្ដៅទាំងពីរនេះនឹងត្រូវបំពេញសំរាម រហូតដល់ ១០មម៉ែត្រ គិតពីមាត់រណ្ដៅ ដែលអាចទទួលបានបរិមាណសំរាម ៣៤៨,៤០០ម៉ែត្រគូប។ គម្រោងទាំងមូលត្រូវបានសាងសង់លើផ្ទៃដី ៨,៧៧ហិកតា នៃផ្ទៃដីសរុប ១០,៣៣៨ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់ក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងខេត្តកំពតទាំងមូលប្រមាណជា ៥២.៣៣៧ នាក់៕