អភិបាលខេត្តកណ្ដាលបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកពញាឮ មិនអោយមានដាច់ខាតគ្រប់ល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន
កណ្ដាល៖ អភិបាលខេត្តកណ្ដាលបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកពញាឮ មិនអោយមានដាច់ខាតគ្រប់ល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសកងកម្លាំងមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសឡើយ។ ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងបើកការដា្ឋនជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត នៅភូមិដំបូកមានល័ក្ខ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបឲ្យបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។
ឯកឧត្តមក៏បានសំនូមពរឲ្យប្រជាពលរដ្ឋជួយរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំរបស់យើងគ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តបានស្នើឱ្យរដ្ឋបាលស្រុក ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ រួមមាន៖ ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិង គ្មានក្មេងទំនើង។ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។
ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ពេលទទួលបានផ្លូវថ្មី សូមគោរពច្បាប់ចរាចរណ៍បើកបរដោយប្រុងប្រយ័ត្ន មានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក សូមកុំបើកបរលើសល្មើសំណង់ កុំដឹកលើសទម្ងន់ ធ្វើយ៉ាងណាចូលរួមរក្សាផ្លូវរបស់យើងឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង៕