នាយករដ្ឋមន្ត្រីព្រមានសារជាតិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នឹងមិនលើកលែងឲ្យនោះទេ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបាន «ព្រមានសារជាតិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងឲ្យនោះទេ»។ ការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវនៅព្រឹកថ្ងៃពុធទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។ហើយគិតត្រឹមថ្ងៃនេះទី៣១ ឧសភា នេះ កម្ពុជាសល់តែ៣ ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាសម្រាប់បងប្អូនជនពិការនៅកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះជាបន្តទៀត។
ជាមួយគ្នានោះសម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ។សម្ដេចតេជោ បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត។
ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃសមិទ្ធផលស្ពានទាំងពីរនេះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកាសបើកសម្ពោធស្ពានទាំងពីរនេះ ចាប់ពីពេលនេះតទៅ៕